Monday, August 1, 2011

មនុស្ស៦២នាក់ ស្លាប់ដោយសារ ទឹកជំនន់ នៅប្រទេសកូរ៉េ ខាងត្បូង



សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែ ព្យាយាមតស៊ូស្តារស្ថានភាពឱ្យល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យមានការជន់លិច និងបាក់ដីផងដែរ។ ប្រជាពលរដ្ឋជា ច្រើនក្នុងតំបន់ ដែលទទួលរងឥទ្ធិពលគ្រោះធម្មជាតិនេះ កំពុងតែព្រួយបារម្ភនិងភ័យខ្លាចផងដែរ ខណៈដែលគ្រោះមហន្តរាយនេះ បានឆក់យកជីវិតមនុស្ស៦២នាក់ និងមនុស្ស៩នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។

យោងតាមគេហទំព័រសារព័ត៌មានចិនស៊ិនហួបានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា នេះថា ការខំប្រឹងប្រែងស្តារស្ថានភាពឡើងវិញក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លំាងនោះ កំពុងធ្វើការងារជួយ សង្រ្គោះនៅតំបន់ជិតភ្នំUmyeon ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ នៃទីក្រុងសេអ៊ូល។ បច្ចុប្បន្ន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅទីនោះ បាននាំគ្នាវិលត្រលប់ទៅផ្ទះសម្បែង របស់ពួកគេវិញខ្លះហើយ។

ភ្នាក់ងារឧតុនិយមប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូលបានទទួលរងទឹកភ្លៀងជាច្រើន មានកម្ពស់រហូតដល់៣០០មិលី្លម៉ែត្រ កាលពីថ្ងៃពុធ សប្តាហ៍នេះ ដែលវាជាការធ្លាក់ភ្លៀង យ៉ាងធំក្នុងខែកក្កដា នេះ តាំងពីឆ្នាំ១៩០៧មក។ ការធ្លាក់ភ្លៀងយ៉ាងខ្លាំងនេះបានធ្វើឱ្យ ពលរដ្ឋកូរ៉េខាងត្បូង ជាង១១ពាន់នាក់បាត់បង់ទីជម្រក និងបានបំផ្លាញ់ដីស្រែចម្ការចំនួន៩៧៨ហិចតា៕

No comments: