ខេត្តកំពង់ស្ពឺ ៖ ជីដូន និងចៅស្រីម្នាក់ស្លាប់ដោយលង់ក្នុងត្រពាំងទឹកដែលជីកថ្មីក្បែរ ផ្ទះរបស់គាត់ ខណៈដែលរូបគាត់ព្យាយាមជួយចៅស្រីដែលកំពុងលង់ទឹកនោះ។
អ្នកភូមិបានឆោឡោនាំគ្នាទៅជួយស្រង់ពីក្នុង ទឹកត្រពាំងនៅពេលដែលកូន និងកូនប្រសាត្រឡប់មកពីស្ទូងស្រូវវិញ ហើយបានឃើញម្តាយ និងកូនលង់ទឹកស្លាប់ហួសទៅហើយ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ កក្កដា នៅក្នុងភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង។
អ្នកភូមិពញាអោងបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី២៩ កក្កដា ខណៈដែលកូន និងកូនប្រសាលោកយាយបររទេះទៅស្ទូងនៅឯស្រែឆ្ងាយពីភូមិអស់ទៅ នៅរសៀលម៉ោង១ និង៣០នាទី ជីដូនឈ្មោះធុង សាប៊ុត អាយុ៧៤ឆ្នាំ បាននាំចៅស្រីគាត់ដែលតូចជាងគេដឹកគោទៅចងឱ្យស៊ីស្មៅក្បែរ ត្រពាំងទឹកដែលទើបជីកថ្មីក្បែរផ្ទះមានជំរៅ៣ម៉ែត្រ និងមានទំហំ៣គុណ៤ម៉ែត្រ។ ពេលគាត់កំពុងចងគោចៅស្រីឈ្មោះ អ៊ិត រដ្ឋា អាយុ៣ឆ្នាំ បានរអិលធ្លាក់ចូលទៅក្នុងត្រពាំងទឹកនោះលិចបាត់។ ឃើញបែបនេះភ្លាមគាត់ក៏លែងខ្សែគោស្ទុះទៅជួយស្រង់ចៅ តែទីបំផុតចៅលង់ស្លាប់ យាយក៏លង់លិចក្នុងទឹកស្លាប់ជាមួយគ្នាតែម្តង។
អ្នកភូមិបន្តទៀតថា ពេលកូនស្រីគាត់ឈ្មោះយឹម រឿន និងឈ្មោះហ៊ុន សេម ជាកូនប្រសាមកដល់ផ្ទះរកម្តាយនិងកូនពុំឃើញ ក៏រត់រកផ្អើលទាំងអ្នកភូមិឱ្យជួយរក ទីបំផុតម្តាយនិងកូនស្រីតូចត្រូវបានចុះរាវរកឃើញស្លាប់ក្នុង ត្រពាំងទឹកបាត់ទៅហើយ ៕
No comments:
Post a Comment