ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ រងរបួសធ្ងន់ និង២៧នាក់រងរបួសស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី៣១ កក្កដា នៅចំណុចផ្លូវកោងក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍។
ហេតុការណ៍ នេះបង្កឡើងដោយរថយន្តទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុនកម្ពុជា អង្គរអ៊ិចប្រេស ពណ៌ទឹកក្រូច កម្ពស់២ជាន់ ពាក់ស្លាកលេខ ភ្នំពេញ 3B-0652 បានបើកទៅបុកគូទរថយន្ត FUSO ដឹកពោតមួយគ្រឿង ពណ៌ត្រួយចេក ចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3B-0552 ដែលចតស្ងៀមលើចិញ្ចើមថ្នល់រុញទៅមុខចម្ងាយ១៥ម៉ែត្ររួញ កៀបជាប់គ្នាទាំងរថយន្ត និងអ្នកជិះ៧នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរខាងលើផ្ទុកអ្នកធ្វើដំណើរជាភ្ញៀវ ទេសចរជនជាតិបរទេសសរុបចំនួន៣៤នាក់ ធ្វើដំណើរមកពីខេត្តសៀមរាបឆ្ពោះទៅប្រទេសវៀតណាមតាមច្រក អន្តរជាតិបាវិត។ ដោយការធ្វើដំណើរផ្លូវឆ្ងាយនៅពេលយប់ ពេលមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរអស់កម្លាំង ឬងងុយដេក ទើបធ្វើឱ្យរថយន្តជ្រុលចង្កូតទៅបុកគូទរថយន្ត FUSO ប្រភេទយក្ស ដែលផ្ទុកពោតពេញកំពុងចតស្ងៀមនៅលើចិញ្ចើមថ្នល់ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីររួញចូលគ្នា និងកៀបជាប់អ្នកដំណើរ៧នាក់ រហូតទាល់តែកាត់ជញ្ជាំងរថយន្តមួយចំហៀងចេញ ទើបអាចយកមនុស្សទាំងនោះចេញបាន។
មន្ត្រីសមត្ថកិច្ចបាននិយាយថា អ្នកដែលរងរបួសធ្ងន់ទាំង៧នាក់គឺជាអ្នកដែលត្រូវបានកៀប ជាប់ជាមួយរថយន្តទាំងពីរក្នុងនោះរួមមានជនជាតិអេស្ប៉ាញ៣នាក់ ស្រី២នាក់ និងជនជាតិកូរ៉េចំនួន៤នាក់ ស្រី៣នាក់។ បន្ទាប់ពីកើតហេតុភ្លាមជនរងគ្រោះ៣នាក់ ក្នុងចំណោម៧នាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង និង៤នាក់ទៀតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក អ្នកលឿង និងក្រោយមកជនរងគ្រោះ២នាក់ ក្នុងចំណោម៤នាក់នោះត្រូវបានដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ចំណែកឯមនុស្ស២៧នាក់ផ្សេងទៀត ដែលរងរបួសស្រាលត្រូវបានក្រុមហ៊ុនកម្ពុជា អង្គរអុិចប្រេស យករថយន្តថ្មី១គ្រឿងទៀតមកដឹកបន្តនៅវេលាម៉ោងជាង៩ព្រឹក បន្ទាប់ពីកើតហេតុប៉ុន្មានម៉ោង។ បច្ចុប្បន្ននេះរថយន្តទាំងពីរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុករង់ចាំដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុក ពាមរក៍ ៕
No comments:
Post a Comment