Wednesday, July 27, 2011

កម្ពុជា​ដកទ័ព​មួយ​វរ​សេនា​ធំ ចេញពី​មុំ​បី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ


មុំ​បី-ព្រះវិហារ:​ អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ​ហ៊ុន សែន និង​តាម​ការណែនាំ​ផ្ទាល់​ពី​គណៈបញ្ជាការ​ឯកភាព​ស​មរ​ភូមិ​មុខ​, នាយទាហាន និង​ពលទាហាន​មួយ​កងវរសេនាធំ ចំណុះ​ឱ្យ​យោធភូមិ​ភាគ​ទី​១ ដែល​ត្រូវបានចាត់តាំង​ឱ្យ​ប្រចាំការ​នៅ​មុំ​បី​ទិស​ប្រាសាទ​ព្រះវិហារ  ត្រូវបាន​ដក​ឱ្យ​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ​។ ពិធី​ដកទ័ព​នោះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១១ ដោយ​កងទ័ព​កម្ពុជា​ទាំងនោះ ត្រូវ​ចេញពី​ចំណុច​អូរ​ជុ​ញ ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ ឆ្ពោះទៅ​កាន់​យោធភូមិភាគ​ទី​១ ក្នុង​ខេត្ដ​ស្ទឹងត្រែង​។​

    ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​នាយទាហាន ពលទាហាន ក្នុង​ពិធី​ដកទ័ព​នោះ ធ្វើឡើង​ក្រោម​អធិបតីភាព លោកនាយ​ឧត្ដម សេនី​យ៍ គន់ គីម  អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ​, លោកនាយ​ឧត្ដមសេនីយ៍​ជា តារា អគ្គមេបញ្ជាការ​រង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​៤ ព្រមទាំង​អស់លោក​ជា មេ​បញ្ចា​ការ មេបញ្ជាការរង កងឯកភាព​ជួរមុខ ជាច្រើនរូប​ទៀត ។
    ​ក្នុង​សេចក្ដីរាយការណ៍​របស់​លោក​ឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​១ បានឱ្យដឹងថា ក្នុង​រយៈពេល​ដែល នាយទាហាន ពលទាហាន​នៃ​យោធភូមិភាគ​ទី​១ បាន​មក​ប្រចាំការ​នៅទីនេះ បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ម៉ត់ចត់​ត្រឹមត្រូវ តាម​ការកំណត់​របស់​ថ្នាក់លើ ជាមួយនឹង​ភារកិច្ច​ជា​កម្លាំង​បម្រុង​អន្តរាគមន៍ ត្រៀម​ប្រយុទ្ធ និង​ប្រយុទ្ធ ក៏ដូចជា​ការពង្រឹង​ប្រព័ន្ធ​ការពារ​ទីតាំង​ឈរជើង​បាន​យ៉ាងរឹងមាំ​។ ទន្ទឹង​នឹង​នោះដែរ ក្រៅពី​ការហ្វឹកហាត់​ពី​មុខ​ជំនាញ​ផ្សេងៗ ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​បម្រើឱ្យ​ការប្រយុទ្ធ អង្គភាព​នៅបាន​ចូលរួមចំណែក​ក្នុង​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ តាម​ភូមិ ឃុំ ក៏ដូចជា​ការងារ​ជួយ​បង្កបង្កើន​ផល ដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ចូលរួម​រៀបចំ​លំនៅឋាន ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​សោ​ភណ្ឌ​ភាពល្អ​សមរម្យ​ផងដែរ​។
    ​លោក​មេបញ្ជាការ​បាន​បញ្ជាក់​បន្ថែមថា ជាមួយនឹង​ការបញ្ចប់​កាតព្វកិច្ច​បំពេញបេសកកម្ម​នៅ​សមរភូមិ​មុខ ហើយ​ត្រូវបាន​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​វិល​ទៅ​អង្គភាព​ដើម ​វិញ​យ៉ាង​ដូច្នេះ​ក្ដី ក៏​កងកម្លាំង​របស់​យោធភូមិភាគ​ទី​មួយ​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ម៉ឺងម៉ាត់​ រក្សា​នូវ​ស្មារ​តី​អង់អាច​ក្លាហាន រង់ចាំ​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​វិលត្រឡប់​មក​កាន់​សមរ​ភូមិ​វិញ​គ្រប់ពេលវេលា​ទាំងអស់ ក្នុងស្ថានភាព​ដែល​ចាំបាច់​ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី មិន​ឱ្យ​ខ្មាំងសត្រូវ​មក​រំលោភ​ឈ្លានពាន​បាន​មួយ​មីល្លីម៉ែត្រ​ណាឡើយ​។​

    ​ចំណែក​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ពាំនាំ​ការសួរសុខទុក្ខ​ប្រកបដោយ​សេចក្ដី​នឹករលឹក​ផ្ញើ​ពី​សម្តេច​ តេជោ ហ៊ុន សែន ជូន​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់ របស់​វរ​សេនា​ធំ​ចំណុះ​យោធភូមិភាគ​ទី​មួយ ដែល​បាន​អនុវត្ដ​ក្នុងពេល​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ ព្រមទាំង​ការគោរព​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​យ៉ាងម៉ឺង​ម៉ាត់  ក៏​ដូចជា​ការជួយ​រែកពុន​ការងារ​គ្រួសារ​កងទ័ព​នៅ​សមរភូមិ​ក្រោយ ដែល​ប្រការ​នេះ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ជាមួយ​គ្រួសារ​កងទ័ព សម​ដូច​ពាក្យ​ថា “​កងទ័ព គឺ​ជា​កូនចៅ​របស់​ប្រជាជន ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន​។ ពេល​នៅ​ឱ្យ​ប្រជាជន​ស្រឡាញ់ ពេល​ទៅ ឱ្យ​ប្រជាជន​នឹក​”​។
    ​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ពេល​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ត្រូវ​យកចិត្ដទុកដាក់ដ​ល់​ការហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យមាន​សមត្ថភាព​ពេញលេញ ព្រមទាំង​ការងារ​ជួយ​បង្កបង្កើត​ផល ដល់​ក្រុមគ្រួសារ​របស់​ខ្លួន សំដៅ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

    ​សូមបញ្ជាក់​ថា ការសម្រេចចិត្ត​ដកទ័ព​មួយ​ផ្នែក​របស់​កម្ពុជា ចេញពី​តំបន់​ព្រំដែន​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២៦​កក្កដា​ឆ្នាំ​២០១១ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទី​ក្រុងឡាអេ បាន​ចេញ​សេចក្តីសម្រេច កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១ ដោយ​ចង្អុល​អំពី​វិធានការ​បន្ទាន់ ដែល​ជា​ជំហាន​ទី​១ នៃ​ការបកស្រាយ​សាលក្រម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ​។ នោះ​គឺ​តុលាការ​តម្រូវឲ្យ​មាន​តំបន់​សុវត្ថិភាព​គ្មាន​យោធា​នៅ​ចំណុច​ ប្រាសាទព្រះវិហារ ក្នុង​ទំហំ​ដី​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​នៅ​ព្រំដែន​កម្ពុជា និង​ថៃ​។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ដកទ័ព​ចេញពី​តំបន់​គ្មាន​យោធា​នោះ ហើយ​ត្រូវ​ទទួលយក​អ្នកសង្កេតការណ៍​អាស៊ាន ចុះ​មក​កាន់​តំបន់​គ្មាន​យោធា​។

    ​លោកនាយ​ឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ទាំងស្រុង លើ​សេចក្ដីសម្រេច​របស់​តុលាការ​ឡាអេ  ដែល​ជា​ការឆ្លើយតប​យ៉ាង​ពេញទំហឹង​ទៅ​នឹង​ការចង់បាន​របស់​កម្ពុ​ជា ក្នុងការ​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​សន្ដិភាព និង​មាន​អ្នកសង្កេតការណ៍​អាស៊ាន​ចូលមក​ក្នុង​តំបន់​គ្មាន​កងទ័ព​ជា​ បណ្ដោះអាសន្ន និង​មាន​សកម្ម ភាព​ផ្នែក​ស៊ីវិល​ជា​ប្រក្រតី​។

    ​លោកនាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា កងទ័ព​ជួរមុខ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ជំហរ​របស់​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការដក​កងទ័ព​ទាំងស្រុង ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​អាច​ធ្វើទៅបាន លុះ​ណា​មាន​វត្តមាន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ដែល​គ្រប់​ប្រទេស​អាស៊ាន​ទាំង ១០ បានអនុម័ត​កន្លងទៅ មក​បំពេញបេសកកម្ម​របស់ខ្លួន នៅ​តំបន់​គ្មាន​កងទ័ព​ជា​បណ្តោះអាសន្ន បូក​ភាគី កម្ពុជា ថៃ ធ្វើ​ការដក​កងទ័ព​ព្រមៗ​គ្នា ។

    ​យ៉ាងណា​ក៏​ដោយ​មេបញ្ជាការ បានបញ្ជាក់​ថា ការដកចេញ​កងទ័ព​មួយ​វរ​សេនា​ធំ​របស់​យោធភូមិភាគ​ទី​១ នៅពេលនេះ ជា​ការបញ្ចប់​នូវ​បេសកកម្ម​ជា​កម្លាំង​បំរុង​អន្តរាគមន៍​របស់​យោធភូមិភាគ​ទី ​១ ដែល​នេះ ជា​ប្រពៃណី​របស់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ការជួយ​គ្នា​រវាង​កងទ័ព និង​កងទ័ព​។ កម្លាំង​នេះ ជា បំរុង​អន្តរាគមន៍​ផង ជា​កម្លាំង​ជួយ​ប្រជាជន​គ្រួសារ​ទ័ព​របស់​កងពល​តូ​ចលេ​ខ​៩ ដែល​ចេញ​ទៅ​ឈរ ជើង​អនុវត្ត​សិទ្ធ​ស្វ័យការពារ​ទឹក​ដី​នៅ​ជួរមុខ ក្នុង​ការងារ​បង្កបង្កើន​ផល​បំពេញ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ ដែល​នេះ​ជា​ការយកចិត្តទុកដាក់​មួយ​យ៉ាង​ធំធេង​របស់​សម្ត​ច​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ៕

No comments: