រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវថ្នាំសណ្តំ បានបាត់ម៉ូតូម៉ាកឌ្រីម C125 មួយគ្រឿង ខណៈពេលដែលឌុបមនុស្សប្រុសចំនួន២នាក់ទៅទំនប់កប់ស្រូវ។ ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៨ កញ្ញា រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ទើបប៉ូលិសសង្កាត់កំបូលប្រទះឃើញ ហើយទូរស័ព្ទប្រាប់បងប្អូន និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
បុរសដែលត្រូវថ្នាំសណ្តំមានឈ្មោះដាវ សែន អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូូឌុប មានស្រុកកំណើតនៅភូមិលូ២ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ស្នាក់នៅវត្តច្បារអំពៅ ក្នុងខណ្ឌមានជ័យ បានឱ្យដឹងទាំងនៅរវើរវាយថា កាលពីព្រឹកថ្ងៃទី១៨ កញ្ញា មានមនុស្សប្រុស២នាក់ ឈរនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ហើយបានហៅគាត់ឱ្យឌុបពួកគេទៅទំនប់កប់ស្រូវ ទាំងទៅទាំងមក ព្រោះមានកូនឈឺកំពុងដេកនៅក្នុងមន្ទីរពេទ្យ ។
ជនរងគ្រោះបានបន្តទៀតថា នៅពេលដែលគាត់ឌុបទៅជិតដល់គោលដៅហើយនោះ ស្រាប់តែមានកន្លែងផឹកស៊ីមួយនៅតាមផ្លូវ ហើយបុរសទាំង២នាក់នោះបានឱ្យគាត់ឈប់ និងហៅគាត់ឱ្យចូលផឹកស៊ីជាមួយ ប៉ុន្តែរូបគាត់អត់ចេះផឹកស្រាបុរសនោះក៏ហុចទឹកសណ្តែក ឱ្យគាត់ផឹក។ លុះពេលគាត់ផឹកទឹកសណ្តែកអស់មួយកំប៉ុង ក៏សន្លប់បាត់ស្មារតីតែម្តង។
ចំណែកស្ត្រីឈ្មោះ ឃឹម ស្រីឃឿន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធរបស់បុរសរងគ្រោះ បានឱ្យដឹងថា ប្តីរបស់គាត់ទើបតែខ្ចីប្រាក់ពីអង្គការយកមកទិញ ម៉ូតូម៉ាកឌ្រីម C125 ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 5712 យកពីស្រុកកំណើតមករត់ឌុបនៅភ្នំពេញនេះ បានតែរយៈពេលមួយខែប៉ុណ្ណោះ ស្រាប់តែមានបញ្ហានេះកើតឡើងតែម្តង៕