Monday, August 8, 2011

ដើរ​រក​ស៊ី​ខាង​ជំនួញ​នៅ​ស្រុក​ឆ្ងាយ​ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ​បែ​រជា​លេប​ថ្នាំ​ពុល​ប៉ង​ធ្វើ​អត្ត​ឃាត​


កំពត ៖ បុរស​រក​ស៊ី​ខាង​ជំនួញ​ផ្លូវ​ឆ្ងាយ​ម្នាក់​ បន្ទាប់​ពី​បាន​លក់​សម្ភារៈ​របស់​ខ្លួន​អស់​រួច​រាល់​ហើយ​នោះ​ក៏​ត្រឡប់​មក​ ផ្ទះ​វិញ​ តែ​ពុំ​ទាន់​អង្គុយ​បាន​ក្តៅ​គូទ​ផង​ស្រាប់​ទៅ​យក​ថ្នាំ​បំពុល​សំរាប់​ សំលាប់​សត្វ​កណ្តុរ​មក​លេប​អស់​ជា​ច្រើន​កញ្ចប់​ ប៉ង​ធ្វើ​អត្តឃាត​ដោយ​គ្មាន​មូលហេតុ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹង​ទាន់​ ទើប​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ​ ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​។

            ហេតុការណ៍បុរសលេបថ្នាំ​ពុលប៉ុនប៉ងសម្លាប់ខ្លួន​មិនបានសំរេចខាងលើ​ កើតឡើងនៅ​ចំណុចផ្ទះរបស់ជន​រងគ្រោះ ​​ឈ្មោះឈុន ប៉ន​ ភេទប្រុសអាយុ៣៦ឆ្នាំ ​ស្ថិតនៅក្នុងភូមិ​ស្វាយទង ​ឃុំស្វាយទង​ ស្រុកកំពង់ត្រាច​ ខេត្តកំពត ​កាលពីក្បាលព្រលប់​ម៉ោង១៨និង១៥នាទី​ ថ្ងៃទី០៧ខែសីហា ឆ្នាំ២០១១​។

            តាមការរៀបរាប់​របស់ស្ត្រីជាប្រពន្ធ​បានឱ្យដឹងថា​ រយៈពេលកន្លង​មកប្តីគាត់ ​ឈ្មោះ ឈុន ប៉ន នេះពុំសូវទំ​នេរនៅផ្ទះ​ឥតប្រយោជន៍នោះទេ​ គឺតែងតែចាកចេញទៅ​រកស៊ីនៅឯខេត្តឆ្ងាយ ​ដូចជា ភ្នំពេញ តាកែវ កណ្តាល កំពង់ឆ្នាំង​ កំពង់ស្ពឹ ពោធិ៍សាត់ ​និងបាត់ដំបងជាដើម​។ស្ត្រីជាប្រពន្ធ​ក៏បានបញ្ជាក់ថា​ សព្វថ្ងៃនេះមុខរបរ​ដែលប្តីរបស់​គាត់​ ដោះដូរធ្វើជំនួញនោះ​ មានចាន​ ឆ្នាំង​៘​ ដោយការលក់ដូរ​សម្ភារៈខាងលើនេះ​ប្តីគាត់ទៅតែឯងប៉ុណ្ណោះ​ ឯរូបគាត់ជាប្រពន្ធ​នៅចាំផ្ទះមើល​ថែកូនចៅ​ ហើយរយៈពេលចាក​ចេញទៅធ្វើជំនួញ​ត្រូវចំណាយអស់​ពេល១៥ទៅ២០​ថ្ងៃ​ ទើបប្តីគាត់ដែល​ជាជនរងគ្រោះ​វិលត្រឡប់មកផ្ទះវិញ​ជួបជុំប្រពន្ធកូន​ ។ស្ត្រីជាប្រពន្ធបាន​ឱ្យដឹងទៀតថាចំពោះ​មូលហេតុដែល​បណ្តាលឱ្យប្តីគាត់គិត​ ខ្លីប៉ងសម្លាប់ខ្លួន​ដោយផឹកថ្នាំកណ្តុរនេះ​ គាត់ពុំបានដឹងរឿង​ហេតុដោយសារអ្វី​ឱ្យប្រាកដនោះទេ​ គឺអង្គុយលេងម្នាក់ឯងសុខៗ​ស្រាប់តែយកថ្នាំសម្លាប់​សត្វកណ្តុរមកផឹកធ្វើឱ្យ​ ប្រកាច់ក្អួតវក់វីស្ទើរ​ចាប់ពុំឈ្នះ​ នេះសំណាងហើយដែល​មានអ្នកជិតខាងឃើញទាន់​ ថែមទាំងជួយដឹក​មកឱ្យគ្រូពេទ្យសង្គ្រោះ​បន្ទាន់ បើ​ពុំមានអ្នកឃើញទេ ​ច្បាស់ជាកើតបញ្ហាធំ​ជាមិនខានឡើយ។​

            បើតាមប្រភពពីអ្នកជិតខាង​ដែលបានជួយនាំបុរស​រងគ្រោះមកសង្គ្រោះ​នៅមន្ទីរពេទ្យ និយាយប្រាប់ថា​បុរសគិតខ្លីខាងលើ​ ជារឿយៗតែងតែមាន​មុខរបររកស៊ី ​លក់ដូរចាន ​ឆ្នាំងស្ទើរគ្រប់ខេត្ត​ ក្រុង ដោយបានចាកចេញ​ពីផ្ទះ ​មិនក្រោមកន្លះខែនោះ​ទេទើបត្រឡប់ចូលផ្ទះវិញ​ ហើយរាល់លើកពុំដែល​មានរឿងរ៉ាវអ្វីសោះ​ ស្រាប់តែលើក​នេះពេលទៅរក​ស៊ីបាត់ពីផ្ទះជាង១០ថ្ងៃ​ លុះត្រឡប់មកវិញ​អង្គុយអត់ទាន់ក្តៅគូទ​និងមិនទាន់បានហូប​បាយល្ងាច​ជួបជុំកូន ​ប្រពន្ធផង​ បែរជាកើតរឿង​ភ្ញាក់ផ្អើលពេញភូមិ​ ដោយសារបុរស​ចិត្តស្លុយខាងលើនេះ​ផឹកថ្នាំពុល ធ្វើឱ្យ​មានភាពងឿងឆ្ងល់និង​តក់ស្លុតយ៉ាងខ្លាំង​ពីសំណាក់ក្រុមគ្រួសារផងដែរ​។ ប្រភពបានឱ្យដឹង​ទៀតថា ករណីបុរសនេះ​លេបថ្នាំកណ្តុរប៉ង​ធ្វើអត្តឃាតខាងលើ ​ពុំមានអ្នកណាដឹងពីមូល​ហេតុអ្វីទាំងអស់​ សូម្បីក្រុមគ្រួសារ​ និប្រពន្ធកូន ក៏​និយាយថាមិនដឹងរឿងអ្វីដែរ​ គឺបានត្រឹមតែឈរ​គ្រវីក្បាលដូចគោស្រាំង​ទិចក្នុងកាយវិការ​ហួសចិត្តប៉ុណ្ណោះ។​ចំណែកបុរសរងគ្រោះ​ដែលផឹកថ្នាំពុល​ត្រូវបានក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ ដោយលាងក្រពះ​ និងព្យួរសេរូម​ដាក់ថ្នាំបន្សាប​ឱ្យរួចចាកផុត​ពីគ្រោះថ្នាក់ហើយ​៕

No comments: