Monday, August 8, 2011

កូរ៉ូឡាបុក​ ជាមួយ​ម៉ូតូ អ្នកជិះម៉ូតូ បាក់ភ្លៅខ្ទេច

 
Photo by DAP-NEWS
Photo by DAP-NEWS

រតនគីរីៈ បុរសម្នាក់រងរបួសធ្ងន់ បាក់ភ្លៅខ្ទេច និងបុរសម្នាក់ទៀត រងរបួសស្រាល ដោយគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង រវាងរថយន្ដ និងម៉ូតូ ហើយ អ្នករងរបួស ទាំង២នាក់ ត្រូវបានរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ខេត្ដរតនគីរីដឹកយកទៅសង្គ្រោះបន្ទាន់ ប៉ុន្ដែអ្នករងរបួសធ្ងន់បាក់ភ្លៅត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅភ្នំពេញទាំងយប់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១១ ស្ថិតនៅក្រោយវិទ្យាល័យ សម្ដេចឪ សង្កាត់ឡាបានសៀក ក្រុងឡា បានសៀក ខេត្ដរតនគីរី ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ដ ដែលជួបគ្រោះថ្នាក់ចរាចរ នេះម៉ាកកូរ៉ូ ឡា ពណ៌ក្រហម ពាក់ស្លាកលេខ 2A-7598 បើកបរក្នុងទិសដៅពីលិចទៅកើត ជាមន្ដ្រីកសិកម្មខេត្ដរតនគីរី។ បើតាមសាក្សីបានឱ្យដឹងថា នៅក្នុងរថយន្ដ មានអ្នករួមដំណើរចំនួន២នាក់ រួមទាំងអ្នកបើកបរផងដែរ។ ចំណែកភាគីជិះម៉ូតូ មានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាសេ ១០០ ពណ៌ខ្មៅ បើកបរក្នុងទិសដៅ បញ្ជ្រាសពីកើតទៅលិច។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបររថយន្ដម៉ាកកូរ៉ូឡា មាន ឈ្មោះ ស៊ុន ថាច មុខរបរមន្ដ្រី កសិកម្មខេត្ដរតនគីរី។ រីឯភាគីអ្នកបើកម៉ូតូ មានឈ្មោះ ជុំ សុភ័ក្រ អាយុ ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសស្រាល ចំណែកឯម្នាក់ទៀត ជាអ្នករួមដំណើរមានឈ្មោះ សុខ ចាន់ថា រងរបួសបាក់ភ្លៅខាងឆ្វេង ពីរកំណាត់ ហើយត្រូវ បានបញ្ជូនទៅសង្គ្រោះ នៅភ្នំពេញទាំងយប់ ក្នុងយប់កើតហេតុ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១១។

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងទៀតថា មកទល់នឹងពេលនេះ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ពុំទាន់ដឹងថាអ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវនៅឡើយទេ រង់ ចាំពិនិត្យមើលប្លង់ទីតាំងកើតហេតុសិន។ ចំណែកថេយន្ដ និងម៉ូតូរបស់អ្នកដំណើរ ទាំងសងខាង ត្រូវបាននគរបាល ចរាចរជើងគោក យកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ដរតនគីរី ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់៕

No comments: