Monday, August 8, 2011

ការ​វិភាគ​ជុំ​វិញ​រដ្ឋា​ភិ​បាល​របស់​លោក​ស្រី យីង ឡាក់​ការ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជា​ឱកាស​បង្កើត​ស្ថិរ​ភាព



តាម​ AFP  ​ផ្សាយ​​ឱ្យ​ដឹង​​​ថា លោក​ស្រី​​​យីង ឡាក់ ​ស៊ីណាវ៉ាត្រា ​ជាប្អូន​​ស្រី​របស់​លោក​​​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​អតីត​នាយករដ្ឋមន្ត្រី​​ថៃ បាន​ឈ្នះ​​ឆ្នោត​ក្នុង​សភា​​​ ក្លាយ​ជានាយករដ្ឋមន្ត្រី​​​ថៃទី​២៨ នៅក្នុងប្រទេស​​ និង​រំពឹងថា ព្រះ​មហា​ក្សត្រ​​ នឹង​ឡាយព្រហស្ត​​​លេខា​តែងតាំង​ជាផ្លូវ​ការ​​ក្នុង​អំឡុង​​ពេល​​ឆាប់​ៗ​​នេះ ។
នាយករដ្ឋមន្ត្រី​​ថ្មីរបស់​ថៃ បាន​បញ្ជាក់​​ប្រាប់​​​AFP ​​​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​​​ក្នុង​សភា​ថា​«​ខ្ញុំ​ត្រេកអរ​ក្នុង​ការ​ចាប់​ ផ្តើម​ការងារ​ ប្រជាជន​​គឺជា​អ្នក​សម្រេច​ថា តើ​​​ការបំពេញ​​​តួនាទីរបស់​​​​ខ្ញុំ​​​ធ្វើ​ឱ្យ​ពួកគេ​​​ពេញ​ចិត្ត​ និង​ស្របតាម​​​ពួកគេ​​សង្ឃឹម​​​ទុក​ឬអត់ ?

អ្នក​វិភាគ​​ជាច្រើន​នាក់​មាន​ជំនឿ​ចិត្ត​ថា  បទ ពិសោធន៍​​​​សំខាន់​របស់​អ្នក​នយោ​បាយ​ថ្មី​មួយ​រូប​​នេះ​គឺមិន​ចៀស​ផុត​ ពីរឿង​​​ដែល​លោក​ស្រីអាច​គ្រប់​គ្រង​អំណាច​​នៅក្នុង​ប្រទេស​ដែល​មាន​ការ​ ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ជាញឹកញាប់​​​បាន​ឬអត់? ចាប់​តាំងពី​ការ​ផ្លាស់​ប្តូរ​គ្រប់គ្រង​ជារបប​ប្រជាធិប​តេយ្យ​​​ក្នុង​ ឆ្នាំ​​១៩៣២ និង​មាន​រដ្ឋ​ប្រហារ​​​ដល់​ទៅ​​​១៨​លើក​ ។

លោក​គ្រីស​ បេកហ្គ័រ អ្នក​វិភាគ​​​នយោ​បាយ​​​ថៃ​មួយរូប​បញ្ជាក់​ឱ្យ​ដឹង​ថា «យើង​​​ស្ថិត​នៅ​កណ្តាល​​ទំនាស់​​ដ៏ធ្ងន់​ធ្ងរ​នៅក្នុង​ប្រទេស​​ដែល​មាន​​ គោលគំនិត​​បែកបាក់​​ទាក់ទង​នឹង​អ្វីដែល​រដ្ឋា​ភិបាល​​គួរ​កើត​ឡើង​​​និងអ្វី ​ដែល​រដ្ឋា​ភិបាល​​គួរ​​អនុវត្ត» ។ ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​​​បេក​ហ្គ័រ បញ្ជាក់​​បន្ត​ទៀតថា សំឡេង​​ភាគ​ច្រើន​​​ក្នុង​សភា​របស់​​លោកស្រី​យីង ឡាក់ រួម​ទាំង​​និន្នា​ការ​​ជាតិ​និយម និង​សកម្មភាព​របស់​ក្រុម​​អាវ​លឿង​ដែល​ចុះ​ខ្សោយ​​ រួម​នឹង​កងទ័ព​ខ្វះ​​ខាត​សំឡេង​​គាំទ្រពីប្រជាជន​​ប្រហែល​ធ្វើ​ឱ្យ​​ ស្ត្រីដែល​​​ជា​នាយក​រដ្ឋមន្ត្រី​​អាច​មាន​ឱកាស​ច្រើន​​​ក្នុង​ការ​​​ដឹក​ នាំ​ប្រទេស ។

បណ្តា​អ្នក​វិភាគ​​បានធ្វើការ​កត់សម្គាល់​​​ថា ទោះ​បី​ជា​​នាយករដ្ឋមន្ត្រី​​​ស្ត្រី​ដំបូងរបស់ថៃ ​​អាច​ឈាន​ចូល​​​ក្នុងការ​បង្ហាញ​​​មុខជា​ប្រវត្តិសាស្ត្រ​​​​ក្នុង​ប្រទេស​ ក៏ដោយ ​​ប៉ុន្តែក៏អា​ចប្រឈម​​មុខ​នឹង​ការ​​រើ​​បម្រះ​​នៅគ្រប់​​​ផ្នែក ​​ដើម្បីកាន់តំណែង​​ជា​ថ្នាក់​​ដឹកនាំ​ប្រទេស​​​គ្រប់​អាណត្តិ​។

លោកម៉ៃ​​ឃើល ម៉ុន​​តេ​សាណូ អ្នកវិភាគ​មក​ពី​​​ស្ថាប័ន​ស្រាវជ្រាវ​​​អាស៊ាន ​នៅ​សិង្ហបុរី ​​បាន​បញ្ជាក់​ថា «​លោកស្រី​​យីងឡាក់ ​​ជាមេដឹកនាំ​​​​ជាន់ខ្ពស់​ដែលគ្មាន​​​​ការទទួលស្គាល់​ពីអ្នក​មាន​ឥទ្ធិ​ពល​ ​ជាច្រើន​នាក់​នៅប្រទេសថៃ​។ មិន​យូរ​មិន​ឆាប់​​ យើងនឹង​បាន​ឃើញ​ការ​ព្យាយាម​ផ្តួល​រំលំ​​រដ្ឋាភិបាល​​របស់​លោកស្រីក្នុងវិធី ​សាស្ត្រផ្សេងៗ​​​​បាន​»​។​ ការ​​កាន់តំណែង​​​​​ជានាយករដ្ឋមន្ត្រី​ថៃ​​ឱ្យ​គ្រប់​​​រយៈ​ពេល​​៤​ឆ្នាំ (គ្រប់​អាណត្តិ​) ហាក់ដូចជា​​​ផ្អែក​លើ​សមត្ថ​ភាព​ពិសេស​លើ​បុគ្គល​ច្រើនជាង​​​ការ​ប្រតិបត្តិ ហើយ​កាលពី​​​ពេលកន្លង​មក ​​នាយក​រដ្ឋមន្ត្រី​​​​​ដែល​បាន​​ពីការបោះឆ្នោត​​​​មាន​តែ​​​​ម្នាក់​ដែល​​​ ​​អាច​អនុវត្ត​​បាន​គឺ​​លោកថាក់ស៊ីន ស៊ីណា​វ៉ា​ត្រា ។

ការធ្វើ​រដ្ឋប្រហារ​​​កាលពីឆ្នាំ​​​២០០៦ ​ធ្វើ​​ឱ្យ​ប្រទេសថៃ ​​​ធ្លាក់​ក្នុង​​​វិបត្តិ​​​​ទំនាស់​រហូត​​ដល់​ទៅ​​៥​ឆ្នាំ ព្រោះភាគី​ប្រឆាំង​​នឹង​​​លោកថាក់ស៊ីន ​​​ដែល​មាន​វណ្ណៈ​ខ្ពស់ ស្ថិត​​​នៅពីក្រោយ​ក្រុម​អ្នក​​​គាំទ្រ​​​​ជាប្រជាជន​​ដែលចេញមុខធ្វើ​ បាតុកម្ម​​​​ឥត​ឈប់​ឈរ (ក្រុមអាវលឿង​)។​ អ្នក​វិភាគ​​​បានបញ្ជាក់​ថា ​លោកស្រីយីង​ឡាក់ ​​​នឹងកាន់អំណាច​​​បានយូរ​​​ប៉ុនណា ​​​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​ផ្សះផ្សា​​​​​ចំពោះមុខ​ក្រុម​អាវក្រហម ដែលទាមទារ​​​រកភាព​យុត្តិធម៌ ពី​ហេតុការណ៍​រំសាយក្រុម​​បាតុករ​​កាល​ពីឆ្នាំ​​២០១០​ ​និង​​ចំពោះមុខ​​បណ្តាជន​វណ្ណៈ​ខ្ពស់ ​ព្រមទាំង​​កង​ទ័ព​​​ដែលស្អប់ខ្ពើម​​​​នយោបាយ​ផ្តាច់​ការ​​​​របស់​ លោកថាក់ស៊ីន​។

ចាប់​តាំង​ពី​​ត្រូវទម្លាក់​​​​ដោយ​រដ្ឋប្រហារ​​​កាល​ ពី​៥​ឆ្នាំ​​មុន ​លោកថាក់​ស៊ីន ​​សម្រេ​ចចិត្ត​​​​ភៀសខ្លួន​​​ទៅ​នៅ​បរទេស​ ដើម្បី​គេ​ចពីទោស​​​​ជាប់ពន្ធ​នាគារ​​​​ពី​បទ​ប្រព្រឹត្ត​​​​អំពើពុករលួយ។ ឯ​​បក្ស​​​ពួក​​​​​របស់​​លោក​ក៏ត្រូវ​​តុលាការ​ផ្តាច់​សិទ្ធិ​​ផ្នែក​នយោ​ បាយ​​​ ដោយ​អ្នកវិភាគ​​បាន​ព្យាករណ៍​​ថា ​លោក​ស្រី​យីងឡាក់ ​​ក៏អាច​​នឹង​ត្រូវ «រដ្ឋប្រហារ​​​ដោយ​យុទ្ធ​សាស្ត្រ​​យុត្តិ​ធម៌»​ដូចគ្នា​។

លោកថិត ​​ទីណាន់ ​​ពង្ស​​សុទ្ធ​​​ធីរ៉ាក់ ​​សាស្ត្រា​ចារ្យ​នៅ​​មហាវិទ្យា​​​ល័យ​​ជូ​ឡា​ឡុង​កន ​ថ្លែង​ថា «នេះគឺជា​ការ​​​ប្រកួតប្រជែង​​សម្រាប់​លោកស្រី​​​ដែល​ត្រូវ​​ចៀស​​​វាង​ការ​ ​​ផ្តួលរំលំ​​​ទាំង​ប្រព័ន្ធ​​​​បាន​។​លោកស្រី​​​ត្រូវរិះ​រក​​និន្នាការ​​ ដែលមាន​ប្រសិទ្ធភាព​​ ដើម្បី​ទប់ទល់នឹង​សត្រូវ​​របស់​លោក​ថាក់ស៊ីន ​​ត្រូវ​ចូលឱ្យ​​កៀក​​​​នឹង​​ពួកគេ​​ (អ្នក​​មាន​​​ឥទ្ធិពល​) និង​​តែង​​​តាំង​បុគ្គល​​ដ៏ស័ក្តិសម»​។

ទោះបីជា​កងទ័ព​​មិនហ៊ាន​​ធ្វើរដ្ឋប្រហារ​​​ជា​ថ្មី​​ ក្នុងពេល​​បច្ចុប្បន្ន​​ ប៉ុន្តែ​ក៏គ្មាន​​ន័យ​ថា ​រដ្ឋាភិ​បាល​លោកស្រី​យីងឡាក់ នឹង​អាច​គ្រប់​គ្រង​​​ប្រទេស​​​បាន​យ៉ាង​​រលូន​​​ដោយគ្មាន​ការ​​ជ្រៀត​ជ្រែក ​ដែរ​។​​លោកថិត​ទីណាន់ ​​ថ្លែង​ថា «កងទ័ព​អាច​សហ​ការ​ជាមួយក្រុមផ្សេង​ ឬ​​ស្ថាប័ន​​ផ្សេង​ទៀត​​​ដើម្បី​រារាំង​​​ការបំពេញ​​ការងារ​របស់​​រដ្ឋាភិ​ បាល»៕

No comments: