Monday, August 8, 2011

ការដោះ​ដូ​រ​​កីឡា​ករ​នៅ​​មជ្ឈ​ដ្ឋាន​​​បាល់​ទាត់​​​អឺរ៉ុប​​​ប្រចាំ​​រដូវ​កាល​ ​2011-2012

 

*​ ក្លឹប Wolfsburg បន្ត​កិច្ច​សន្យាជាមួយ​​​ កីឡា​ករ​ហា​សេ​បេ រហូត​ដល់​ឆ្នាំ​២០១៤

​ក្លឹប​ Wolfsburg របស់​អាល្លឺម៉ង់ បង្ហើប​​ឱ្យ​ដឹង​ថា ​កីឡា​ករ​ម៉ាកូ​​តូ ហាសេ​បេ របស់​ជប៉ុន​ បាន​សម្រេច​​ចិត្ត​បន្ត​​កិច្ច​សន្យា​ជា​មួយ​​ក្លឹប​​រយៈ​ពេល​២​ឆ្នាំ​ ​ក្រោយ​ពី​កីឡា​ករ​​អាយុ​២៧​ឆ្នាំរូប​នេះ​ ​ក្លាយ​ជា​ផ្នែក​​មួយ​​រ​បស់​ក្លឹប​ ក្នុង​ក្រុម​កីឡា​ករ​​របស់​​ក្លឹប​​​ដែល​ដណ្តើម​​​បាន​​ជើង​ឯក​ក្នុង​លីក Bundesliga កាល​ពី​ឆ្នាំ​២០០៨-២០០៩ ។ ​ក្លឹប Wolfsburg​ក្នុងក្រប​ខណ្ឌ​ Bundesliga អាល្លឺ​ម៉ង់​​បញ្ជាក់​ថា កីឡា​ករ​ម៉ាកូតូ ​ហាសេបេ បាន​សម្រេច​ចិត្ត​​បន្ត​កិច្ច​សន្យា​ជា​មួយ​ក្លឹប​រយៈ​ពេល​២​ឆ្នាំ​​ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​២១​កក្កដា ​កន្លងទៅ ធ្វើ​ឱ្យ​សាមី​ខ្លួន​ក្លាយ​ជា​សមា​ជិក​កីឡា​ករ​ក្នុង​ក្លឹប​ Wolfsburg រហូតដល់​ឆ្នាំ​២០១៤ ។

* ក្លឹប Chelsea ​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ Lukaku ពី​ក្លឹប Anderlecht

យោងទៅតាម​​ប្រភព​ព័ត៌​មាន​​ស៊ី-អិន​-អិន ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​អាទិត្យ ទី​៧ សីហា ​ឆ្នាំ​២០១១ ​បាន​ឱ្យដឹង​ថា ក្លឹប Chelsea បាន​សម្រេច​ទិញ​យក​កីឡា​ករ​​ខ្សែ​ប្រយុទ្ធ​​ Lukaku វ័យ​១៨​ឆ្នាំ ​ពី​ក្លឹប Anderlecht ។ នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដែល​បាន​ចុះ​ផ្សាយ​​នៅលើ​គេហ​ទំព័ររបស់​​​ក្លឹប Chelsea បាន​​ឱ្យដឹងថា ៖ ​ដំណើរការ​ចរចា​កំពុង​​តែប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ហើយ​បញ្ហា​​ដែលនៅ​សេស​សល់​តិច​តួច​ នឹងធ្វើ​ទៅ​តាម​ក្រោយ​ជា​មួយកីឡា​ករ​ផ្ទាល់។ ​នៅក្នុង​សេច​ក្តី​ថ្លែងការណ៍​នោះ មិន​បាន​បង្ហើប​ឱ្យ​ដឹ​ងពី​តម្លៃ​ខ្លួន​ និង​រយៈ​ពេល​កុង​ត្រា​​​របស់​កីឡា​​ករ Lukaku នោះទេ ។ ​លោក Villas Boas គ្រូបង្វឹក​​ក្លឹប​តោ​ខៀវ Chelsea បាន​និយាយថា៖ កីឡា​ករ​ Lukaku គឺ​ជា​កីឡា​ករ​វ័យ​ក្មេង​​ដែលសំបូរ​ទៅដោយ​ទេព​កោសល្យ​​ ហើយ​ខ្ញុំ​ត្រូវ​ការ​កីឡា​ករ​ប្រភេទ​នេះ​ ដើម្បីជួយ​​ពង្រឹង​ក្លឹប ។ គួររំលឹក​ដែរថា កីឡា​ករ Lukaku បាន​ចូល​មក​​លេង​ឱ្យ​ក្លឹប Anderlecht តាំងពី​លោក​​មាន​អាយុ​​១៦​ឆ្នាំ ដោយ​បង្ហាញ​វត្ត​មាន​ចំនួន​៧៣​លើក​ហើយ​​ស៊ុត​បាល់​​បាន​៣៣​គ្រាប់ ។ ចំណែក​ឯ​​អាជីព​​ក្រុម​ជម្រើស​​ជាតិ​វិញ លោក​ធ្លាប់​បាន​​បង្ហាញ​វត្ត​​មាន​ចំនួន​១០​លើក ​ហើយ​ស៊ុត​បាល់​​បញ្ចូល​ទី​បាន​២​គ្រាប់​។

* Barcelona យល់​ព្រម​​លក់​កីឡា​ករ​​បូយ៉ាន ហ្គ័រ​ហ្គីស ឱ្យ​​ក្លឹប​​ Roma

Barcelona ជា​ក្លឹប​​​ល្បី​នៅ​អេស្ប៉ាញ​​សម្រេច​​លក់​​កីឡា​ករ​បូយ៉ាន ហ្គ័រ​​ហ្គីស ឱ្យ​ក្លឹប​ Roma របស់​អ៊ីតាលី​ ក្នុង​តម្លៃ​​ខ្លួន​១២​លាន​អឺរ៉ូ ​ប៉ុន្តែ​មាន​លក្ខ​ខណ្ឌ​​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​​អាយុ​២០​ឆ្នាំ​រូប​នេះ​ ​មក​លេង​ឱ្យ​ក្លឹប​​វិញ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាងមុខ ។ ​Barcelona អាច​ទិញ​កីឡា​ករ​​បូយ៉ាន​បាន​ក្នុងដំណាច់​រដូវ​កាល​២០១២-២០១៣ ​ក្នុង​តម្លៃ ខ្លួន​១៣​លាន​អឺរ៉ូ ​ហើយប្រសិន​បើ Roma ចង់​រក្សា​ទុក​​កីឡា​ករ​រូប​នេះ ត្រូវ​ចំណាយ​ប្រាក់​ដល់​ក្លឹប​ល្បី​នៅ​អេស្ប៉ាញ​​ចំនួន​២៨​លាន​អឺរ៉ូ​ទៀត ។ ​Barcelona សម្រេច​​លក់​ខ្សែ​ប្រយុទ្ធអាយុ​​ទាប​ជាង​២១​ឆ្នាំ រូបនេះ​​ក្រោយ​ពី​ទិញ​កីឡា​ករ​អាឡិក​​ស៊ីស ​សាន​ឆេស ខ្សែ​បម្រើ​​ពី​ក្លឹប​ Udinese ក្នុង​តម្លៃ​ខ្លួន​២៦​លាន​អឺរ៉ូ ​និង​ចុះ​ហត្ថ​លេខា​​រយៈ​ពេល​៥​ឆ្នាំ។

* កីឡា​ករ​​ណាស្រ៊ី មិន​បន្ត​កិច្ច​សន្យា​ថ្មី​ជា​មូល​ហេតុ​​ដាក់​គំនាប​លើ​ក្លឹប Arsenal ឱ្យ​លក់​

Arsenal ក្លឹប​ល្បី​នៅ​អង់​គ្លេស​ អាច​សម្រេច​ចិត្ត​លក់​កីឡា​ករ​​សាមៀ ណា​ស្រ៊ី ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ក្រោយ​​ពី​កាសែត​ដឹសាន់ បង្ហើប​ឱ្យ​​ដឹង​​ យោង​តាម​សម្តី​​ខ្សែ​ប្រយុទ្ធ​​ជន​ជាតិ​​បារាំង​​រូប​នេះ​​បញ្ជាក់​​ប្រាប់​ មិត្ត​រួម​ក្លឹប​​ថា មិន​បន្ត​កិច្ច​សន្យា​ថ្មី​​​ជា​មួយ Arsenal ទៀតទេ ខណៈ​កិច្ច​សន្យា​ចាស់​នៅ​សល់​រយៈ​ពេល​១​ឆ្នាំ​ ។ ​ខ្សែ​​ប្រយុទ្ធ​​អាយុ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​បដិ​សេធ​ប្រាក់​ឈ្នួល​១​សប្តាហ៍​១១៥.០០០​ផោន ​ ពី​​កិច្ច​សន្យា​ថ្មី​របស់ Arsenal ​និង​រីករាយ​នៅ​ជា​មួយ​ក្លឹប​​រហូត​បញ្ចប់​កិច្ច​សន្យា​ ទើប​ផ្លាស់​​ចេញពី​ក្លឹប​​ដោយ​គ្មាន​តម្លៃ​ខ្លួន ។ ​បញ្ហា​នេះ​ចាត់ទុកថា ​ជា​ការ​ដាក់​គំនាប​​ឱ្យ​​ក្លឹប Arsenal សម្រេច​ចិត្ត​លក់​ណា​ស្រ៊ី ក្នុង​រដូវ​កាល​ថ្មី​ដោយ​មាន​ក្លឹប Man City ហ៊ាន​ចំណាយ​២០​លាន​ផោន ទិញ​យក​មក​​ពង្រឹង​​ក្លឹប ។

*​ ក្លឹប​បាល់​ទាត់ Juventus របស់​​អ៊ីតាលី ចុះ​ហត្ថ​លេខា​រយៈ​ពេល​៥​ឆ្នាំ ទិញ​កីឡា​ករ​អាទូរ៉ូ ​វីដាល របស់ Leverkusen

Juventus ក្លឹប​ល្បី​នៅ​អ៊ីតាលី ​​បាន​ទិញ​​កីឡា​ករ​​អាទូ​រ៉ូ វីដាល ខ្សែ​បម្រើ​​ក្រុម​ជម្រើស​ជាតិ​ស៊ីលី របស់​ក្លឹប Leverkusen ជា​ផ្លូវការ​ក្នុង​តម្លៃ​ខ្លួន​១០,៥​លាន​អឺរ៉ូ ដោយ​កីឡា​ករ​ខាង​លើ​មាន​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ។ សម្រាប់​តម្លៃខ្លួន​ក្លឹប Juventus នឹង​​​ផ្តល់​ប្រាក់​ដល់​​ក្លឹប Leverkusen ភ្លាមៗ​​ចំនួន​៥​លាន​អឺរ៉ូ ​បន្ទាប់​មក​នឹង​​ផ្តល់​ឱ្យ​​៣​លាន​អឺរ៉ូ​ទៀត ​នៅថ្ងៃ​ទី​៣០ មិថុនា ​ឆ្នាំ​២០១២ ​ចំណែក​ចំនួន​​ប្រាក់​​នៅ​សល់​​២,៥​លាន​អឺរ៉ូ ​នឹង​​ឱ្យ​ផ្តាច់​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ​ឆ្នាំ​២០១២ ។ ក្រៅ​ពី​នេះ ​ក្លឹប Juventus បាន​បង្ហើប​ឱ្យ​ដឹង​បន្ត​ថា តម្លៃ​ខ្លួន​របស់​កីឡា​អាយុ​២៤​ឆ្នាំ​រូប​នេះ​ ​​អាច​កើនដល់​២​លាន​អឺរ៉ូ ​ដោយ​ស្ថិត​នៅ​លើ​លទ្ធ​ផល​រប​ស់​សាមីខ្លួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចាប់​ពី​ ពេល​នេះ​តទៅ ។

* ក្លឹប Chelsea ចំណាយ​៥​លាន​ផោនទិញ​​​ កីឡា​ករ​​រ៉ូ​ម៉េ​អូ ពីBarcelona 

ក្លឹប Chelsea ជា​ក្លឹប​​ល្បី​នៅ​ក្រប​ខណ្ឌ​​ប្រឺមី​ញេ​លីក​អង់គ្លេស ​​ជិត​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​​​ទិញ​កីឡា​ករ​​អូរី​អូល រ៉ូ​ម៉េអូ ​ខ្សែ​បម្រើ​​អនាគត​​វែង​​​ឆ្ងាយ​មក​លេង​​ឱ្យ​ក្លឹប​​ ក្រោយ​ពី​​ព្រម​ព្រៀង​​លើ​តម្លៃ​ខ្លួន​​ជា​មួយ​ក្លឹប Barcelona ​ក្នុង​​តម្លៃ​​៥​លាន​​ផោន ​ហើយ​រង់ចាំ​តែ​​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​​ប៉ុណ្ណោះ ។ លោក​​អង់​ត្រេ វីល​ឡាស បូអាស ​គ្រូ​បង្វឹក​​ក្លឹប Chelsea មាន​ចំណាប់​​អារម្មណ៍​​លើ​​កីឡា​ករ​រ៉ូ​ម៉េអូ ​តាំងពី​សម័យ​​ដែល​ខ្លួន​​នៅ​ក្លឹប Porto ​​ម៉្លេះ​លុះពេល​​ផ្លាស់​មក​បំពេញ​ការងារ​ជា​គ្រូ​បង្វឹក Chelsea ស្រប​ពេល​ដែល​កីឡា​ករ​​ម៉ៃ​ឃើល ​អេស​សៀង របួស​ជង្គង់​ត្រូវ​សម្រាក​រយៈ​ពេល​យ៉ាង​តិច​៦​ខែ​​ ទើប​​​គ្រូ​បង្វឹក​​ជន​​ជាតិ​ព័រទុយ​ហ្គាល់រូប​នេះ​​ត្រូវ​ការ​កីឡា​ករ​រ៉ូ​ ​ម៉េអូ ​​ខ្សែ​បម្រើ​​ជន​ជាតិ​អេស្ប៉ាញ​​អាយុ​១៩​​ឆ្នាំ​មក​ជំនួស ៕

No comments: