Monday, August 8, 2011

កង​ទ័ព​ស៊ីរី​​វាយ​លុក​​ចូល​ក្រុង ​DEIR EZZOR ​នៅ​ភាគ​ខាង​​​កើត​ប្រទេស


ពួក​សកម្ម​ជន​សិទ្ធិ​មនុស្ស​គូស​បញ្ជាក់​ ប្រាប់​AFP ថា រថ​ក្រោះ​ទាំង​ឡាយ​របស់​កង​ទ័ព​ស៊ីរី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា បាន​វាយ​លុក​លើ​ទី​ក្រុង​ DEIR EZZOR ភាគ​ខាង​កើត​ប្រទេស។ នាយក​របស់​អង្គ​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​ស៊ីរី OSDHមាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​ លោក​រ៉ា​មី អាប់​ដែល​ រ៉ាហ៍​ម៉ាន់​ អះ​អាង​ប្រាប់​AFP ថា រថ​ក្រោះ​ជា​ច្រើន​គ្រឿង​បាន​លុក​ចូល​ក្នុង​សង្កាត់​ជា​ច្រើន​នៅ​ទី​ក្រុង​ នោះ ហើយ​ការ​បាញ់​ប្រហារ​កើត​មាន​យ៉ាង​តិច​៣​កន្លែង​។

យោង​តាម​លោក​អាប់​ដែល​ រ៉ាហ៍​ម៉ាន់​ ថា​រថ​ក្រោះ​ និង​រថ​ពាស​ដែក​ដឹក​ទ័ព​ប្រមាណ​ជា​២៥០​គ្រឿង​បាន​ចូល​រួម​ក្នុង​ការ​វាយ​លុក ​​នេះ​។ ចំណែក​គណៈ​កម្មាធិការ​សម្រប​សម្រួល​ក្នុង​ស្រុក​ LCC ដែល​សហ​ការ​ជាមួយ​ពួក​បាតុ​ករ​ប្រឆាំង​នឹង​របប​លោក​បាចា​អាល់​ អាសាដ អះ​អាង​ថា កង​ទ័ព​បាន​លុក​ចូល​ក្នុង​សង្កាត់​៩​នៃ​ទី​ក្រុង DEIR EZZOR និង​ថា មាន​ស្នូរ​ផ្ទុះយ៉ាង​ខ្លាំង​នានា​ត្រូវ​បាន​ស្លាប់​ឮ​ក្នុង​ទី​ក្រុង​នេះ​។

ការ​វាយ​ប្រហារ​លើ​ទី​ក្រុង DEIR EZZOR ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​អគ្គ​លេខា​ធិការ​អ.ស.ប​​ លោក​បាន​ គីមូន ស្នើ​តាម​ទូរ​ស័ព្ទ​ដល់​ប្រធានា​ធិបតី​ស៊ីរី​ឱ្យ​បញ្ចប់​យុទ្ធ​នា​ការ​​យោធា ​ប្រឆាំង​ពួក​បះ​បោរ​។ កង​ទ័ព​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​៦ សីហា នៅ​រក្សា​​ការ​ហ៊ុម​ព័ទ្ធ​ទី​ក្រុង​ហាម៉ា​នៅ​កណ្តាល​ប្រទេស​ស៊ីរី​ដែល​នៅ​ទី ​នោះ​ជន​ស៊ីវិល​យ៉ាង​តិច​២៤នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​៥ សីហា កន្លង​មក​នេះ​ក្នុង​ការ​បង្ក្រាប​បាតុ​កម្ម។ ម្យ៉ាងវិញ​ទៀត​ ប៉ូលិស​សម្ងាត់​ស៊ីរី​​កាល​ពី​ថ្ងៃ​ទី​៦ សីហា បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​ប្រឆាំង​លោក​វ៉ា​លីដ​ អាល់​ប៊ូន ជា​សត្រូវចាប់​តាំង​ពី យូរ​មក​ហើយ​របស់​គណ​បក្ស​ BAAS ដែល​កាន់​អំណាច​នៅ​ក្រុង​ដាម៉ាស់ ៕

No comments: