Monday, August 8, 2011

ស្រ្តីមេម៉ាយម្នាក់ ត្រូវគូរដណ្តឹង ជះទឹកអាស៊ីដដាក់ ព្រោះតែរឿង និយាយទូរស័ព្ទ

កោះកុងៈ ស្រី្តមេម៉ាយម្នាក់ ត្រូវគូដណ្តឹង ជះទឹកអាស៊ីតដាក់ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១១ បន្ទាប់ពីមាន ការឈ្លោះប្រកែកគ្នា ព្រោះតែប្រច័ន្ន នាងនិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្ត ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានរៀបរាប់ថា រូបនាងមានឈ្មោះ គឹម ឡេង អាយុ២៩ឆ្នាំ មានមុខរបរជា ជាងធ្វើក្រចក រស់នៅភូមិឃុំកើតហេតុ ជាស្រី្តមេម៉ាយកូន១ រយៈពេល៣ឆ្នាំ មកហើយ បានភ្ជាប់ពាក្យជាមួយ បុរសម្នាក់ឈ្មោះ នី ថន អាយុ៤២ឆ្នាំ មុខរបរធ្វើចំការ (ជនល្មើស) រយៈពេល៣ខែមកហើយ និងសន្យាថា ខែ១១ ឆ្នាំ២០១១ ខាងមុខនេះ នឹងរៀបការនឹងគ្នា ។

នាងបន្តទៀតថា មុនកើតហេតុ នាង និងគូរដណ្តឹង បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងនិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្តិ តែគូរដណ្តឹងនាងមិនឱ្យនិយាយ ទើបបណ្តាលឱ្យគេខឹង ហើយចាប់បោចសក់ និងយកទឹកអាស៊ីតមកជះ ដាក់ក្បែរគុម្ពត្រចៀក រហូតស្រោចពេញខ្លួន បណ្តាលឱ្យរលាកពាសពេញ ។ ដោយមានការឈឺចាប់ពេក រូបនាងបានស្រែក ដើម្បីឱ្យញាតិ ជិតខាង ជួយ ទើបបណ្តាលឱ្យកូនភ្ញាក់ ហើយរត់មកឱបជើង ក៏ត្រូវទឹកអាស៊ីតស្រោច ត្រូវជើងកូនត្រឹមជង្គង់ ចុះក្រោមទៀត ហើយញាតិជិតខាង ក៏នាំគ្នាដឹកមកកាន់ មន្ទីរពេទ្យ តែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុ ជនល្មើស បានរត់គេចខ្លួនបាត់ តែទោះជាយ៉ាងណា សមត្ថកិច្ច នឹងព្យាយាម តាមចាប់ ជនល្មើស ដ៏អគតិនោះ យកមកផ្តន្ទាទោសតាមច្បាប់ ។

ជាចុងក្រោយស្រ្តីរងគ្រោះ បានអំពាវនាវ ដល់សប្បុរសជនទាំងឡាយទាំងក្នុងនឹងក្រៅប្រទេស សូមជួយផ្តល់ថវិកា ទៅតាមទឹកចិត្ត អាណិតអាសូរ ដើម្បីឱ្យរូបគាត់ មានលុយបន្តិចបន្តួច ដើម្បីព្យាបាលជំងឺ ២នាក់ម្តាយនឹងកូនប្រុង ទើបតែអាយុ៣ឆ្នាំ ដែលទទួលរងនូវ ការជះទឹកអាស៊ីតនេះផង ។

បន្ទាប់ពីមាន ការអំពាវនាវ ពីជនរងគ្រោះ មកដល់ពេលនេះ សាខាកាកបាតក្រហមកម្ពុជា ប្រចាំខេត្ត កោះកុង បានជួយឧបត្ថម្ភ ជនរងគ្រោះ ទំាងម្តាយ និងកូន ៣ដុល្លារក្នុងមួយថ្ងៃ លុយថ្លៃព្យាបាល២៥ដុល្លារ រយៈពេល៥ថ្ងៃ និងសម្ភារៈ មួយចំនួនទៀត ។ ចំណែកឯអង្គការ លីកាដូរ ឧបត្ថម្ភ១៥ដុល្លារ និងអង្គការអាដហុក ២០ដុល្លារផងដែរ ។បច្ចុប្បន្នជនរងគ្រោះ ទាំង២នាក់ម្តាយ និងកូនកំពុង ទទួលការយកចិត្តទុកដាក់ព្យាបាលពី ក្រុមគ្រូពេទ្យ ។
Photo by DAP-NEWS

No comments: