កំពង់ឆ្នាំងៈ នៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១នេះ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង កើតមានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរ គួរឱ្យរន្ធត់ រហូតដល់២ករណី ដែលក្នុងនោះ បានបណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួស ។
យោងតាម នគរបាលចរាចរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ហេតុការទី១ បានកើតឡើង កាលពីវេលាម៉ោង ៤ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ សីហា ឆ្នាំ២០១១ នៅចំណុចភូមិចិន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ បង្កឡើងដោយ រថយន្តកាមរីគូទហើម មួយគ្រឿង ស៊េរីឆ្នាំ៩៥ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A-8294 ដែលបើកបរ ដោយបុរសម្នាក់ ឈ្មោះ កែវ សុភា រួមដំណើជាមួយ ជនជាតិចិនម្នាក់ បើកទៅបុករថយន្ត យីឌុប ដឹកស៊ីម៉ងត៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-8137 បណ្តាលឱ្យរថយន្ត កាមរីគូទហើម រួញក្រញ៉ង់ នៅផ្នែកខាងមុខ ហើយអ្នកបើកបរបានស្លាប់ និងជនជាតិចិនម្នាក់ទៀត រងរបួសធ្ងន់។
ចំណែករថយន្តយីឌុប បានដាច់កង់មុខ ផ្នែកខាងឆ្វេង ២គ្រាប់ ,ធ្លាក់ស្នាមភ្លោះ និងកំពិតក្បាល នៅចំហៀងខាងឆ្វេង តែអ្នកបើកបរពុំមាន របួសធ្ងន់ធ្ងរទេ ព្រោះនៅពេលកើតហេតុរួច គេសង្កេតឃើញ អ្នកបើកបររថយន្តនេះ ចុះពីលើរថយន្ត ហើយរថយន្តគេចខ្លួន បាត់ស្រមោល។រីឯជនជាតិចិនម្នាក់ ដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និងសាកសពជនរងគ្រោះ ដែលជាអ្នកបើកបររថយន្តកាមរី បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ។
ចំណែកករណីទី២ បានកើតឡើង នាវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃតែមួយជាមួយ ករណីខាងលើ នៅចំណុចមុខវត្តថ្មី ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្វាយ ស្រុករលាប្អៀរ ខណៈដែលរថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា ជាបន្តបន្ទាប់ ។ ករណីនេះ បានបណ្តាល ឱ្យមនុស្ស៣នាក់ រងរបួសស្រាល ។
ចំពោះហេតុការណ៍នេះ បើតាមសាក្សី បានឱ្យដឹងថា ដំបូងឡើយមានរថយន្ត នីសាន់មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ប៉ៃលិន 2A-0563 បានដាច់តាកេ ហើយឈប់ចត ដើម្បី ជួសជុល នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចកើតហេតុ ៕
បន្តិចក្រោយមក ក៏មានរថយន្តនីសាន់ មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2B-0372 បានបើកមក បុកចំពីក្រោយ ភ្លាមៗនោះក៏ស្រាប់តែមានរថយន្ត យីឌុប ពណ៌ទ្រែអ៊ី (ពណ៌ទាហ៊ាន) ពាក់ស្លាកលេខ ស្វាយរៀង 3B-0125 បើកមកបុកពីក្រោយទៀត បណ្តាលឱ្យមនុស្សបីនាក់ រងរបួសស្រាលតែម្តង ។ ក្នុងនោះគេឃើញ រថយន្តនីសាន់កណ្តាល រងការខូចខាត យ៉ាងធ្ងន់ធ្ង ។
ទាក់ទងនឹងករណី គ្រោះថ្នាក់ចរាចរ ទាំង២ករណីខាងលើនេះ លោក អៀរ ប៊ុនធឿន នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា បន្ទាប់ពីជួយសង្រ្គោះ ជនរង គ្រោះ ទៅកាន់មន្ទីរពេទ្យ និងប្រគល់សាកសព ជនរងគ្រោះម្នាក់ ទៅឱ្យក្រុមគ្រួសាររួច សមត្ថកិច្ច បានបញ្ជូន រថយន្តពាក់ព័ន្ធ ក្នុងគ្រោះថ្នាក់ ចរាចរ ទាំង២ករណី ទៅកាន់ ការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្ត ដើម្បីរង់ចាំ ការដោះស្រាយ ។
No comments:
Post a Comment