រាជធានីភ្នំពេញ ៖ យុវជន២ក្រុមជិះម៉ូតូបុកគ្នាដួលរងរបួសត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់គ្នា នៅសល់តែម៉ូតូ២គ្រឿង ដែលសមត្ថកិច្ចធ្វើការវាស់វែង រួចដឹកតាមរឺម៉កម៉ូតូចេញបានបន្តិច ស្រាប់តែមានយុវជនមួយក្រុមទៀតជិះម៉ូតូ៥គ្រឿង មកដល់ និងយកដុំថ្មគប់កញ្ចក់ទ្វារផ្ទះលក់កំរាលពូក ខ្នើយ យីហោ SALSA ផ្ទះលេខ១៤៥A-B នៅតាមបណ្តោយមហាវិថីម៉ៅសេទុង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ សីហា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជននិស្សិតម្នាក់ជិះម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-7639 តាមបណ្តោយមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើមានយុវជន៣នាក់ ជាបុគ្គលិករបស់ហាងលក់កំរាលពូក ខ្នើយ យីហោ SALSA ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-4924 ពីជើងទៅត្បូង លុះដល់មុខហាងក៏បត់ម៉ូតូចូល បណ្តាលឱ្យបុកគ្នាជាមួយម៉ូតូរបស់និស្សិតនោះដួលទាំងអស់គ្នា និងរងរបួសរៀងៗខ្លួន។
ប្រភពព័ត៌មានបន្តថា ភាគីទាំង២សុទ្ធតែបើកម៉ូតូលឿនដូចគ្នា ហើយបន្ទាប់ពីបុកគ្នាដួលជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលបាត់ អស់នៅសល់តែម៉ូតូ២គ្រឿងនៅកន្លែងកើតហេតុ។ ខណៈពេលប៉ូលិសខណ្ឌចំការមនចុះទៅវាស់វែងនិងលើកម៉ូតូដឹក តាមរ៉ឺម៉កយកទៅរក្សាទុកនៅអធិការខណ្ឌចំការមន និងដឹកចេញបានចម្ងាយប្រហែល១០០ម៉ែត្រ ស្រាប់តែមានយុវជនមួយក្រុមជិះម៉ូតូ៥គ្រឿងមកដល់ និងយកដុំថ្មគប់កញ្ចក់ទ្វារផ្ទះលក់កំរាលពូក ខ្នើយ ដែលយុវជនទាំង៣នាក់នោះធ្វើការបណ្តាលឱ្យបែកខ្ទេចអស់តែម្តង។មូលហេតុនៃការគប់កញ្ចក់ទ្វារផ្ទះខាងលើនេះ គឺគេសង្ស័យថា ទាក់ទងនឹងការខឹងសម្បាពេលមានគ្រោះថ្នាក់ចរាចរណ៍នោះតែម្តង ៕
No comments:
Post a Comment