Tuesday, July 26, 2011

ស្វាយរៀង

ខេត្តស្វាយរៀង ​ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ដែន​វៀតណាម ដែលមាន​ច្រកព្រំដែន អន្តរជាតិ​មួយ​ល្បីឈ្មោះ​គឺ​ច្រកព្រំដែន​បាវិត ឋិត​នៅ​ចម្ងាយ​ប្រមាណ៤៨គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្វាយរៀង។ ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ១ចម្ងាយ​ប្រមាណ១២២គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ខេត្តស្វាយរៀង​មានស្រុក​ទាំងអស់​ចំនួន៧ គឺ​ស្រុក ចន្ទ្រា ស្រុក​កំពង់រោទិ៍ ស្រុក​រំដួល ស្រុក​រមាសហែក ស្រុក​ស្វាយជ្រំ ស្រុក​ស្វាយរៀង ស្រុក​ស្វាយទាប រួមទាំង​ឃុំ ទាំងអស់​ចំនួន៨០ និង៦៩០ភូមិ។ បាវិត​ជា ច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​វៀតណាម ជាពិសេស​គឺ​ទីក្រុង ភ្នំពេញ និង​ទីក្រុង​ហូជីមិញ។ ក្រៅពី​ការ​បង្កើតជា​តំបន់​កំសាន្ត​ហើយ តំបន់​នេះ​នៅមាន​ផ្សារណាត់​ដែលមាន​ទំនិញ​គ្រប់ ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម។ ច្រកព្រំដែន​បាវិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​កំសាន្ត​ក្នុង ខេត្ត​នេះ។

ខេត្តស្វាយរៀង ​នេះ​ពុំ​សូវ​មាន​តំបន់​ទេសចរ​កំសាន្ត​ច្រើន​ដូច​បណ្ដា​ខេត្ត​នានា​ ក្នុងប្រទេស​នោះទេ។ ក្រៅពី​តំបន់ កំសាន្ត​ច្រកព្រំដែន​បាវិត គឺមាន​តំបន់​មួយទៀត​ដែល​សម្បូរ​ភ្ញៀវទេសចរ​ក្នុងស្រុក​ទៅ​កំសាន្ត។ តំបន់​នោះ​គឺ​ព្រៃ​បាសាក់ ដែលមាន​ទីតាំង​ឋិត​នៅក្នុង​ស្រុក​ស្វាយរៀង ចម្ងាយ​ប្រមាណ៩គីឡូម៉ែត្រ​ពី​រួម​ខេត្ត ជាប់​នឹង​ដង​ទន្លេ​វៃ​កូ។ តំបន់ នេះ​ជា​តំបន់​ព្រៃ​ស៊ុបទ្រុប មាន​ផ្ទៃក្រឡា​ប្រមាណ៨៤ម៉ែត្រ​ការេ ជា​តំបន់​ព្រៃ​ប្រា​សាក់ មាន​ភូមិសាស្ត្រ​ជា​ដី​ទួល ដែល​បន្សល់​តាំងពី​បរម​បុរាណ​មកម្ល៉េះ។ ដូចនេះ​គេ​អាច​ស្វែងយល់​អំពី​វប្បធម៌​ខ្មែរ​ផងដែរ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របស់​ខ្មែរ​បុរាណ​ហាក់​បង្កប់​នៅ​ទីកន្លែង​នោះ​ដើម្បី​រង់ចាំ​អ្នកសិក្សា​ ស្រាវជ្រាវ។ ដោយសារតែ​សង្គ្រាម​បាន​បំផ្លិចបំផ្លាញ ទីកន្លែង​នោះ​ស្ទើរ​ពុំមាន​សល់​នូវ​ស្លាកស្នាម​អ្វី​ទាំងអស់ ប៉ុន្តែ​បច្ចុប្បន្ននេះ​តំបន់​នេះ​ត្រូវបាន​គេ​ខិតខំ​អភិវឌ្ឍន៍ កែ ប្រែ​មុខមាត់​បន្តិចម្ដងៗដើម្បី​ក្លាយជា​តំបន់​ទេសចរ​ប្រចាំ​នៅក្នុង​ខេត្ត​ នេះ។

No comments: