Tuesday, July 26, 2011

សៀមរាប

ខេត្តសៀមរាបឋិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាតំបន់ទេសចរដ៏សំខាន់បំផុតរបស់កម្ពុជា។ ខេត្តនេះ ជាតំបន់​ដែល សំបូរ​ប្រាសាទ​បុរាណ​ដែល​មាន​អាយុកាល​រាប់រយ​រាប់ពាន់​ឆ្នាំ​កន្លង​ទៅហើយ ជាពិសេសស្ថាបត្យកម្ម ប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុ និង​ជា​បេតិកភ័ណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញ​បាន​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ ក្នុងការ ជួយរកចំណូលជូនជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​អ្នក​ទេសចរ​ក្នុង និង​ក្រៅ​ប្រទេស។ ខេត្ត​នេះ​ផង​ដែរ​ឋិតនៅ​ពី​ខាងជើង​បឹងទន្លេសាប មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្ត​បន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និង​បឹងទន្លេសាប។ ខេត្តសៀមរាប​មាន​ផ្ទៃ​ក្រឡា១០២៩៩គីឡូម៉ែត្រក្រឡាមានចម្ងាយផ្លូវប្រមាណ ៣១៤គីឡូម៉ែត្រ ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិលេខ៦អា មាន១២ស្រុក ចែក​ចេញ​ជា​១០០ឃុំ និង៨៧៥ភូមិ។
+ប្រាសាទអង្គរវត្ត
ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរយើង គឺប្រាសាទអង្គរវត្ត ដែលជាស្នាដៃរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរគឺ ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបាន​ចាត់ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញ មិនតែ ប៉ុណ្ណោះ​ចំពោះ​ស្នាដៃ​ដ៏អស្ចារ្យ​គ្មាន​ពីរ​នេះ​ត្រូវបាន​ប្រជាជន​ខ្មែរ​ យើង គិត​ថា​មិនមែន​ជាស្នាដៃរបស់មនុស្សធម្មតាឡើយ គឹជាស្នាដៃរបស់ព្រះពិស្ណុការ។
ប្រាសាទអង្គរវត្ត​ឋិតនៅ​ភាគ​ខាង​ជើង​ ទីរួមខេត្តសៀមរាប ក្នុងស្រុកសៀមរាបចម្ងាយប្រមាណ៧គីឡូម៉ែត្រ តាមផ្លូវហ្សាលដឺហ្គោល ដែល​អម​សងខាង​ទៅ​ដោយ​ដើម​ឈើ​ធំៗ​ខៀវស្រងាត់ ជាតំបន់ព្រៃការពារតំបន់អង្គរ។ ប្រាសាទនេះសាងសង់ឡើងនៅសតវត្សទី១២ តាម​ការ​បង្ហាញ​របស់​សៀវភៅ Angkor Wat Best collection 21 បាន​ឱ្យ​ដឹង​ថា​ប្រាសាទ​នេះ​ចំណាយ​ពេល​សាងសង់​អស់​រយៈពេល៣០ឆ្នាំ​មាន​ កំពស់៦៥ម៉ែត្រ និងផ្ទៃក្រឡាជាង២០០ហិចតា មានកំពែងព័ទ្ធជុំវិញ រួមជាមួយគូទឹកដែលមានទទឹង២០០ម៉ែត្រ។ ផ្លូវ​ចូល​ទៅកាន់​គោបុរៈ​កំពូលបី​នៃ​កំពែង ប្រាសាទ​ក្រាល​ដោយ​ថ្មភក់​ធំៗ​ជា​ស្ពាន​ឆ្លងកាត់​គូទឹក អមដោយសត្វនាគរាជជាបង្កាន់ដៃប្រវែង២៥០ម៉ែត្រ និងទទឹង១២ ម៉ែត្រ។ នៅ​ពេល​ចូល​ហួស​កំពែង​ប្រាសាទ​ឃើញ​មាន​បណ្ណាល័យ​ពីរ និង​ស្រះ​ទឹក​ពីរ អមសងខាងផ្លូវចូល ដែលមាន ប្រវែង៣៥០ម៉ែត្រ ទទឹង៩ម៉ែត្រ​មាន​នាគរាជ​ជា​បង្កាន់ដៃ​ដូចគ្នា និងផ្លូវចូលទីមួយដែរ។ ប្រាសាទ​នេះ​មាន​ថែវ​ពីរ​ជាន់ ដែល​នៅ​តាម​ថែវ​នីមួយៗ​មាន​ឆ្លាក់​ជា​រូបអប្សរា​ពត់ពេន និងរឿងរ៉ាវផ្សេងៗ ព្រមទាំងមាន សិលាចារិកជាច្រើននៅតាម សសរ​ភ្ជាប់​ពី​ថែវ​មួយ​ទៅ​ថែវ​មួយ​ទៀត​ផង។ កំពូល​ទាំង​ប្រាំ​ឋិត​នៅ​លើ​គ្រឹះ​មួយ​មាន​រាង ការេដែលជ្រុងនីមួយៗប្រវែង ៦០ម៉ែត្រ។ គ្រឹះ​នេះ​មាន​កំពស់១៣ម៉ែត្រ មាន​ជណ្ដើរ​ឡើង១២ ព័ទ្ធ​ជុំវិញ ហើយ​ជណ្ដើរ​នីមួយៗ​មាន​ចំនួន៤០កាំ ប្រាង្គ ដែល​ខ្ពស់​ជាងគេ​មាន​កំពស់៤២ម៉ែត្រ​ពី​ជាន់​ទី២។ កាលពីដើមឡើយប្រាង្គដែលខ្ពស់ ជាងគេ​នេះ​មាន​រូប​ព្រះវិស្ណុ​តម្កល់ នៅទីនោះ តែនៅពេលបច្ចុប្បន្ននេះត្រូវជំនួសដោយព្រះពុទ្ធរូបវិញ។ ក្រៅពី​អង្គរវត្ត​ដែល​ជា​ស្នាដៃ​ដ៏ល្បីល្បាញ​នេះ​ហើយ ខេត្តសៀមរាប​នៅ​មាន​សំណង់​ប្រាសាទ​បុរាណ​រាប់រយ​ផ្សេងទៀត នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងក្នុងខេត្តទាំងមូល ដូចជា ប្រាសាទភ្នំបាក់ខែង ប្រាសាទបាយ័ន ប្រាសាទបាពួន ព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ប្រាសាទតាកែវ ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទបក្សីចាំក្រុង ប្រាសាទ ព្រះគោ ប្រាសាទលលៃ ប្រាសាទបាគង ទីលានព្រះគម្លង់ ប្រាសាទសួរព្រាត់ ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ជាដើម។
+បារាយណ៍ខាងលិច
បារាយណ៍ខាងលិច ជាបារាយណ៍ដ៏ធំជាងគេបង្អស់នៅតំបន់អង្គរ ជាទីទប់ទឹកសម្រាប់ឱ្យប្រជាកសិករខ្មែរ ស្រោចស្រព​ចំការ​ដំណាំ​របស់​ពួកគេ។ បារាយណ៍​នេះ​ឋិត​នៅ​ភាគ​ខាងលិច​នៃ​រាជធានីអង្គរធំ មានទំហំ៨គីឡូ ម៉ែត្រx២,១គីឡូម៉ែត្រ កសាង​ឡើង​នៅ​សតវត្ស​ទី១១​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី១ ហើយសាងសង់រួចរាល់នៅ រាជព្រះបាទឧទយាទិត្យវរ្ម័នទី២។ នៅ​កណ្ដាល​ផ្ទៃទឹក​នៃ​បារាយណ៍​ខាងលិច​នេះ​មាន​ទី​ទួល​កោះ​មួយ​ដែល​មាន​ សាងសង់ ប្រាសាទ សម្រាប់បូជាដល់ព្រះវិស្ណុ ឈ្មោះប្រាសាទមេបុណ្យខាងលិច។ រូប​សំណាក​ព្រះវិស្ណុ​ផ្ទំ​នៅ​ទីនោះ​បច្ចុប្បន្ន​ត្រូវ​បាន ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ទីក្រុងភ្នំពេញ។ ទេសចរអាចងូតទឹកកំសាន្ត ឬ​ជួល​ទូក​ជិះ​ទៅ​ទស្សនា​ប្រាសាទ​មេបុណ្យខាង លិច។
+បារាយណ៍ខាងកើត
បារាយណ៍ខាងកើតគឺជាបារាយណ៍ធំជាងគេបំផុតទី២នៅតំបន់អង្គរ បន្ទាប់ពីបារាយណ៍ខាងលិច។ បារាយណ៍ នេះ​ឋិត​នៅ​ភាគខាង​កើត​រាជធានី​អង្គរធំ កសាងឡើងនៅកំឡុងឆ្នាំ៩០០រជ្ជកាលព្រះបាទយសោវរ្ម័ន មានទំហំ ៧,១៥០ម៉ែត្រx១,៧៤០ម៉ែត្រ អាច​ផ្ទុក​ទឹក​បាន៥០លានម៉ែត្រគូប សម្រាប់​ផ្គត់ផ្គង់ទឹកដល់ប្រជាកសិករធ្វើស្រែចំការ។ នៅ​ចំកណ្ដាល​បារាយណ៍​មាន​កូនកោះ​មួយ​តំណាង​ឱ្យ​ភ្នំព្រះសុមេរុ​ដែល​ជា​លំនៅ​ ឋាន​របស់​ព្រះវិស្ណុ គឺ​ប្រាសាទ​មេបុណ្យ ខាងកើត តែដោយសារបច្ចុប្បន្នបារាយណ៍នេះរីងហួតទឹកអស់ ទើប​ប្រាសាទបុរាណ​មួយ​នេះ​ត្រូវ​ឋិត​នៅ​លើដីទួល ធម្មតា។
+ភ្នំគូលែន
ភ្នំគូលែនឋិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ភ្នំ​នេះ​ជា​រាជធានី​ដែល​ព្រះបាទ​ជ័យវរ្ម័នទី២ បាន​ប្រារព្វ​ពិធី​ទេវរាជ​តម្កើង​ខ្លួន​ឱ្យ​ស្មើ​អាទិទេព និងប្រកាសករាជពីប្រទេស ជ្វានៅឆ្នាំ៨០២នៃគ្រិស្តសករាជ។ ភ្នំ​នេះ​ពីដើម​មាន​ឈ្មោះ​ថា មហិន្ទ្របព៌ត ជាទីតាំងដ៏ល្បីល្បាញមួយរបស់ខេត្ត សៀមរាបមានទាំងប្រាសាទបុរាណ និងទឹកជ្រោះដ៏ស្រស់ស្អាតថែមទៀតផង។ នៅ​បាត​ស្ទឹង​សៀមរាប​លើ​កំពូល​ភ្នំ​នេះ មានឆ្លាក់សិវលិង្គ និងយោនីនាងឧមាចំនួនមួយពាន់ ដែលគេហៅទីនោះថាជាតំបន់លិង្គមួយពាន់។ ធ្វើ​ដំណើរ​បង្ហួស តំបន់​លិង្គ​មួយ​ពាន់​បន្តិច​គេ នឹងបានដល់ទីអារាមដ្ឋានពុទ្ធសាសនាមួយកន្លែងនៅលើកំពូលភ្នំនោះ ដោយមានរូប សំណាក​ព្រះពុទ្ធរូប​ចូល​បរិនិព្វាន​មួយ​យ៉ាង​ធំ​ដែល​ឆ្លាក់​ឡើង​នៅ​លើ​ថ្ម​ ដុះ​កំពស់​ប្រមាណ៧.៥ម៉ែត្រ។ ព្រះអង្គធំនេះឆ្លាក់ ឡើងនៅក្នុងសតវត្សទី១៦ ជា​ទី​សក្ការ​បូជា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​មាន​ជំនឿ​ថា​មាន​បារមី​សក្តិសិទ្ធ ខ្លាំងពូកែប្រចាំ នៅភ្នំគូលែននេះ។ ក្រៅ​ពីនោះ​នៅ​មាន​តំបន់​មួយ​ទៀត​ដែល​ទេសចរ​មិន​ដែល​ភ្លេច​ឡើយ គឺទឹកជ្រោះភ្នំគូលែន ដែលជា ទឹកធ្លាក់ធម្មជាតិ សម្រាប់ទេសចរងូតកំសាន្ត បំបាត់​ការនឿយហត់​ក្នុង​ការ​ធ្វើដំណើរ​ជាមួយ​ទឹក​ត្រជាក់ស្រឹប។ នៅក្បែរ ទឹកជ្រោះ​មាន​ប្រាសាទ​បុរាណ​មួយ​បាក់បែក​អស់ សាងសង់ពីថ្មបាយក្រៀម មាន​ឈ្មោះ​ថា​ប្រាសាទក្រោលរមាស។
+ភូមិវប្បធម៌
ភូមិវប្បធម៌ដែលមានទីតាំងនៅក្នុងក្រុងសៀមរាបត្រូវបានសាងសង់ឡើងនៅពាក់កណ្ដាលឆ្នាំ២០០១ ហើយ បើក​ឱ្យ​មាន​ការ​ចូល​ទស្សនា​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៣។ ភូមិវប្បធម៌រៀបចំឡើងនៅលើផ្ទៃដីប្រមាណ ២១០០០០ម៉ែត្រការេ មាន​ភូមិ​ចំនួន១២ ដែល​បង្ហាញ​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ខុសៗ​គ្នា​ទៅ​តាម​វប្បធម៌​នៃ​ជនជាតិ ចំនួន១៩។ នៅ​តាម​បណ្ដា​ភូមិ​នីមួយៗ​អ្នក​ទស្សនា​អាច​រីករាយ​ជាមួយ​ការ​សំដែង​ជា​ លក្ខណៈ​វប្បធម៌​ផ្សេងៗ​ដូចជា ការ រាំរបាំអប្សរា ការសំដែងការរៀបអាពាហ៍ពិពាហ៍ ការសំដែងរបាំផ្សេងៗ កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ និង ការ​លេង​ល្បែង​ប្រជាប្រិយ​ជាដើម។ មិនតែប៉ុណ្ណោះក៏មានការបង្ហាញពីរបៀប ឆ្លាក់រូបអំពីឈើ ថ្ម ក្រមួន លោហ ធាតុ។ល។ ព្រមទាំង​មាន​សំណង់​ប្រវត្តិសាស្ត្រ​ដែល​ឆ្លាក់​ជា​និមិត្តរូប​ផងដែរ។

No comments: