Tuesday, July 26, 2011

ខេត្តកណ្តាល

ខេត្តកណ្តាលឋិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនោះឡើយ។​ ធ្វើដំណើរប្រមាណតែ២០នាទីប៉ុណ្ណោះ លើកំណាត់​ផ្លូវ​ប្រមាណ​១២គីឡូ​មែត្រ​ពី​​​ទី​ក្រុង​ភ្នំពេញ ឆ្ពោះទៅទិសខាងត្បូង​គេ​នឹង​បានទៅដល់ទីតាំងស្រុកតាខ្មៅ ទីរួមខេត្ត​កណ្ដាល។ ​ទឹកដីដ៏សម្បូរជីជាតិ ​និង​មាន​ប្រភព​ទឹក​ខ្វាត់ខ្វែង​នេះ បានបង្ក​លក្ខណៈងាយស្រួលដល់​ប្រជាពលរដ្ឋ ​នៅក្នុង​ខេត្ត​អាច​ប្រកប​របរកសិកម្ម ធ្វើស្រែចម្ការទទួលបានផលជាទីពេញចិត្ត​ដែល​ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​កាន់តែ ​​ប្រសើរ​ឡើង។ ​នៅតាមភូមិ​ស្រុកនីមួយៗ គេសង្កេត​ឃើញ​ប្រជាពលរដ្ឋ​មិន​ដែល​ទុក​ដី​ឱ្យ​នៅ​ទំនេរ​នោះទេ​ទោះបីដី​ ស្រែចម្ការ​ ឬ​ដី​ភូមិ​ក្ដី​ពួកគេ​តែង​ដាំ​ដំណាំ​ហូប​ផ្លែ​ដូច ជាមៀន ​សាវម៉ាវ ​ក្រូច ​ចេក ជាដើមដើម្បីទុកបរិភោគក្នុង​គ្រួសារ និងលក់យកកម្រៃដោះស្រាយជីវភាព ​ក្រៅ​ពី​នេះ​​នៅ​មាន​ដំណាំ​បន្លែ​បង្ការ​ដូចជា សណ្ដែក​ សាលាដ ​ស្ពៃ​ ត្រសក់ ​ននោង ជាដើមផង។ ផ្លែមៀន ដែលនាំចេញពីខេត្តកណ្តាលពិតជាមានឈ្មោះល្បី ទទួលបាន​ការ​ពេញ​និយម​ពី​ប្រជាជន​ទាំងក្នុងខេត្ត​ និងតំបន់ផ្សេង​ទៀត​​ដោយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ព្រមទាំង​​មាន​ក្លិន​ ក្រអូប​ទៀត​ផង។ ​ដំណាំចម្ការ​របស់​​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ផ្ដល់​ជា​ភោគ​ផល្លា​​ ផ្កាផ្លែប៉ុណ្ណោះទេ ​លើស​ពីនេះ​ទៅ​ទៀត ទេសភាព​ដ៏ត្រកាល​នៃ​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​ទាក់ទាញ​ទេសចរ​ឱ្យ​ដក់​ចិត្ត​ចង់​ទស្សនា​កំសាន្ត មិន​ចង់​ឃ្លាត​នោះ​ឡើយ។
+ភ្នំឧដុង្គ
​​ ​​​​ឧដុង្គ ជាខ្សែភ្នំលាតសន្ធឹងពីជើងទៅត្បូងប្រវែង១៥០០ម៉ែត្រ ​ទទឹង៧០០ម៉ែត្រ ​ឋិតនៅក្នុងឃុំផ្សារដែក ​និងឃុំភ្នំបាត​ ស្រុកពញាឮ ​ខេត្ត​កណ្ដាល។​ ទីនេះ​ជា​អតីត​វាំង​ចាស់​អំឡុង​ឆ្នាំ១៦១៨-១៨៦៦ ​មាន​ចម្ងាយ​ប្រមាណ​​៤០គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥។​ ភ្នំ​ឧដុង្គ​នេះ​ផង​ដែរ​អ្នក​ខ្លះគេ​ហៅ​ថា​ភ្នំព្រះរាជទ្រព្យ ​ឬ​ភ្នំ​អដ្ឋរស្ស​​ទៅតាម​ទម្លាប់​របស់​​ប្រជាជន។​ ខ្សែ​ភ្នំ​នេះ​មាន​កំពូល​ប្រាំ ​ដែល​មាន​ផ្លូវ​សម្រាប់​ទាក់ទង​គ្នា​ពី​កំពូល​ភ្នំ​មួយ​​ទៅ​កាន់​​កំពូល​ ភ្នំ​មួយ​ទៀត​​ មិន​តែប៉ុណ្ណោះ​ទៅ​ដល់​លើ​កំពូល​ភ្នំ​ហាក់​កើត​មាន​ឡើង​នូវ​អាថ៌កំបាំង​ អ្វីមួយ​នៅ​លើ​កំពូល​ភ្នំ​​នីមួយៗ ​ដែល​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ចង់​ទៅ​ដល់​ផ្ទាល់​គ្រប់​កំពូល​ទាំង​ប្រាំ។ ​នៅលើកំពូល​ភ្នំ​នេះ​ផង​ដែរ ​ក៏មាន​ចេតិយ​ធំ​ស្កឹម​ស្កៃ​ជា​ច្រើន ដូចជា​​ចេតិយ​ព្រះអង្គឌួង ​ចេតិយព្រះមុនីវង្ស ​និង​អតីត​ព្រះ​មហាក្សត្រ មួយចំនួន​ទៀត​​ព្រម​ទាំង​​ញាតិ​វង្សានុវង្ស។ ​លើស​ពីនេះ​ទៅទៀត មាន​ព្រះ​ចេតិយ​មួយ​យ៉ាង​ធំ​ទើប​សាងសង់​រួច​នៅ​ឆ្នាំ២០០២​ ជាទី​​​សក្ការ​បូជារ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​កាន់​ពុទ្ធសាសនា។​ ចេតិយ​មួយ​នេះ​ឈ្មោះ​ថា ព្រះ​សក្យមុនី​ចេតិយ ​ដែល​​តម្កល់​​នូវ​ព្រះសារីឫកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ ដោយ​ព្រះបាទ​នរោត្តមសីហនុ ​និង​អគ្គមហេសី​​នៅ​ឆ្នាំ២០០២​បាន​​ដង្ហែ​ពី​ចេតិយ​នា​ទីក្រុង​ភ្នំពេញ​មក​ កាន់​ទីនេះ។ ​ទេសភាព​ដ៏​ត្រកាល​ និង​លក្ខណៈ​ប្រវត្តិសាស្រ្ត​នៃ​ទីតាំង​នេះ​បាន​​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​រាប់​ រយ​រាប់ពាន់​នាក់​ឱ្យ​ចូល​មក​ទស្សនា​ទីនេះ​ ដែល​ជា​ផ្នែក​មួយ​ជួយ​បង្កើត​មុខរបរ ​និង​សម្រាល​ជីវភាព​ប្រជាពលរដ្ឋ​រស់​នៅម្ដុំ​នោះ។​ ពួកគាត់​ភាគច្រើន​ជា​អ្នក​​លក់​ដូរ​ម្ហូបអាហារ ​ផ្លែឈើ​ ភោគផល​ព្រៃឈើ​ សំភារៈសិប្ប​កម្ម​វត្ថុ​អនុស្សាវរីយ៍ ​និង​អ្នក​នាំភ្ញៀវ​ជាដើម។​
+ភ្នំប្រសិទ្ធ
​ ​​​ឋិតលើ​ទីតាំងស្រុកពីរក្នុងខេត្តកណ្ដាល​ គឺស្រុកពញាឮ​ និងស្រុកអង្គស្នួល​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធ​មានចម្ងាយ​​ផ្លូវ​ប្រមាណ​ ២៤គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ​តាម​​ផ្លូវជាតិ​លេខ៥​ បត់​ចូល​១៣គីឡូម៉ែត្រ តាមផ្លូវបំបែក​ខាង​ឆ្វេង​ដៃ​ត្រង់​​ចំនុច​គីឡូម៉ែត្រលេខ១១ ផ្សារព្រែកព្នៅ។​ ភ្នំប្រសិទ្ធនេះមានទេសភាពធម្មជាតិ​ស្រស់ត្រកាលប្រកបដោយជំនោរបរិសុទ្ធ ​និង​ជា​ទីកន្លែង​មាន​លក្ខណៈ​បែបប្រវត្តិសាស្ត្រផងដែរ។ ​នៅទីនោះមានរូបព្រះពុទ្ធបដិមាចូលនិព្វានមួយយ៉ាងធំ សម្រាប់​ជាសក្ការបូជាចំពោះពុទ្ធសាសនិក។ ​ម្យ៉ាងទៀត​រមណីយដ្ឋាន​នេះ​ក៏ជា​ទីកន្លែង​សក្តិសិទ្ធ​មួយ ដែលប្រជាពលរដ្ឋខ្មែរទាំង​ជិត​ទាំងឆ្ងាយ​ចូលចិត្ត​ឡើង​ទៅ​បន់ស្រន់​បួង​សួង​ សុំ​សេចក្ដី​សុខ។ ​តាម​ការ​ស្រាវជ្រាវ ​ភ្នំប្រសិទ្ធ​នេះ​ជាទីតាំង​មួយមាន​​កំណប់​រ៉ែមាសផងដែរ។​
​​​​ក្រៅ​ ពីតំបន់​ទេសចរធម្មជាតិ​និងប្រវត្តិសាស្រ្តទាំងពីរនេះ ខេត្តកណ្តាលក៏អំណោយផលខាងតំបន់ទេសចរ​កែច្នៃផង​ដែរ​ដូចជា តំបន់​កំសាន្ត​ព្រែកលៀប​ តំបន់​កំសាន្ត​បាក់ខែង ​កៀនស្វាយក្រៅ​ កៀនស្វាយក្នុង ជាដើម​ព្រមទាំង​សិប្បកម្មតម្បាញ ​ដែល​ជា​មុខរបរ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ភូមិ​ស្រុក​នីមួយៗ ​ក៏​ជា​រូបភាព​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ភ្ញៀវ​ទេសចរ​ខ្ពស់​ផង​ដែរ។
​​​​ ជារួម​មក​ខេត្ត​កណ្តាល​ថ្វីត្បិតតែពុំសូវសម្បូរ​តំបន់ទេសចរធម្មជាតិក៏ពិតមែន ​ តែខេត្តនេះមានសក្ដានុពលភាពខាង​ដំណាំហូបផ្លែ​ ដែល​ជា​ផលិតផល​របស់​ខ្មែរ​គ្មាន​ការ​ប្រើប្រាស់​សារធាតុគីមី។

No comments: