Tuesday, July 26, 2011

ប៉ៃលិន

ប៉ៃលិន ​ជា​ខេត្ត​ទើប​បង្កើត​ថ្មី​មួយ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​គ្រប់​ប្រភេទ​មាន​រ៉ែ ត្បូង​ជាដើម។ ភាពល្បីល្បាញ​នៃ​ទីក្រុង​ដ៏​តូច​នេះ ត្រូវបាន​ទទួលស្គាល់ថា​ជា​ទឹកដី​ត្បូង​ពេជ្រ។ មាន​ត្បូង​មានតម្លៃ​គ្រប់​ប្រភេទ​ដូចជា​ត្បូង ទទឹម កណ្ដៀង ពេជ្រ ត្បូង​ឆាំង​ជាដើម ត្រូវបាន​អាជីវករ ប្រជាពលរដ្ឋ​ប្រមូលបាន​ពី​ក្នុង​ដី​នៃ​តំបន់​នេះ។ ភាពល្បីល្បាញ នៃ​តំបន់​នេះ​មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅ​បរទេស​ក៏​ទទួលស្គាល់​តំបន់​នេះ​ផងដែរ ជាហេតុ​ធ្វើឱ្យ​អ្នកវិនិយោគ​នានា​ចូលមក​ធ្វើ​អាជីវកម្ម​រែង​ត្បូង​ កាន់តែច្រើនឡើងៗ ជាការ​ព្រួយបារម្ភ​ទៅវិញ​ដោយ​ខ្លាច​តំបន់ ត្បូង​ពេជ្រ​មួយ​នេះ​ត្រូវ​បំផ្លិចបំផ្លាញ​អស់​ធម្មជាតិ និង​កំណប់​ត្បូង​ទាំងនោះ​ត្រូវ​វិនាស​អន្តរាយ ព្រមទាំង​ខូច​ដី​ទៀតផង ដោយសារតែ​ក្រុមហ៊ុន​ទាំង​នោះបាន​ប្រើ​ម៉ាស៊ីន​ឧបករណ៍ទំនើបៗ ជីក គាស់ កាយ​រូងដី ហើយ​ពុំមាន​ការទទួលខុសត្រូវ ធ្វើឱ្យ​ខូច​ទាំង​ទឹក ដី ព្រៃឈើ​ជាដើម​ផង។

-ស្ទឹង​កុយ
ឋិត ​ក្នុងភូមិ​កុយ សង្កាត់​ស្ទឹង​កាច់ ខណ្ឌ​សាលា​ក្រៅ រមណីយដ្ឋាន​ស្ទឹង​កុយ​ជា​តំបន់​ទេសចរ​ធម្មជាតិ​មួយ​ក្នុង​ខេត្ត​ទឹកដី​ត្បូង ​ពេជ្រ ដែលមាន​ទេសភាព​ស្រស់ស្អាត មាន​តាំងពី​យូរលង់​ណាស់​មកហើយ។ តំបន់​នេះ​មាន​ព្រៃឈើ​ខៀវស្រងាត់​អម​នៅ​សងខាង​ទឹកស្ទឹង​ថ្លាឈ្វេង​ត្រជាក់​ ស្រឹប លាយឡំ​ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ អាចឱ្យ​ទេសចរ​នានា ទៅ​កម្សាន្ត​បាន​ទាំង​រដូវប្រាំង និង​វស្សា។ តំបន់​នេះ​ផងដែរ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយជា​តំបន់​ទេសចរ​គំរូ​មួយ ​ក្នុង ខេត្ត​ត្បូង​ពេជ្រ​នេះ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន។

-ភ្នំ​យ៉ា​ត
តំបន់ ​វប្បធម៌​ដ៏​សំខាន់​ក្នុង​ខេត្ត​នេះ​ពិតជា​ផ្ដល់​ការចាប់អារម្មណ៍​ដ៏​លើសលប់ ​សម្រាប់​អ្នក​ដែល​បានធ្វើ​ដំណើរ មកកាន់​ទឹកដី​នេះ។ នោះ​គឺ​ភ្នំ​យ៉ា​ត រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែលមាន​ទីតាំង​ឋិត​នៅក្នុង​ខេត្ត​ប៉ៃលិន តាមផ្លូវ​ជាតិ​លេខ។ ទីនេះ​ក៏​ជា​តំបន់​សក្តិ​សិទ្ធ​មួយ​ក្នុង​ក្រុង​ផងដែរ ព្រមទាំង​ជាទី​តាំង​ដែល​នៅសល់​រ៉ែ​ត្បូង​ច្រើនជាងគេ​ក្នុងចំណោម​ទីតាំង​រែង​ ត្បូង​សំខាន់។ ភ្នំ​យ៉ា​ត​មាន​កម្ពស់៦០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ និង​ទទឹង៣០០ម៉ែត្រ មាន​កាំជណ្តើរ​ឡើង​ទៅដល់​កំពូលភ្នំ​សរុប​ចំនួន៤២កាំ។ វត្ត​នៅលើ​ភ្នំ​យ៉ា​ត​សាងសង់​ឡើងជា​របៀប​ជនជាតិ​កូ​ឡា ដែល​រស់ នៅ​តំបន់​នោះ។

ក្រៅពី ​ភ្នំ​យ៉ា​តទី​តាំង​ប្រសិទ្ធ ក្នុង​ខេត្ត​នេះ​នៅមាន​តំបន់​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​ដូចជា វត្ត​រតន សោភ័ណ តំបន់​ទឹកធ្លាក់​អូរ​អែម និង​អូរ​តា​វ៉ៅ ដែលមាន​ទឹកថ្លា​ឈ្វេង​ត្រជាក់​ស្រឹប អម​ជាមួយ ទេសភាព​ធម្មជាតិ​ព្រៃភ្នំ វាលស្មៅ ដើមឈើ​តូចធំ ខ្ពស់​ទាប លាយឡំ​ជាមួយ​សម្រែក អ៊ឺ​ង​កង​នៃ​ពួក​សត្វ​បក្សាបក្សី​នានា ផងដែរ។

No comments: