Tuesday, July 26, 2011

ខេត្តកែប

ខេត្ត ​កែប​ ជា​រមណីយ​ដ្ឋាន​មួយ​ឋិត​នៅ​ជាប់​ទឹក​ដី​ខេត្ត​កំពត​ និង​សមុទ្រ​។ ​ខេត្តមួយ​នេះ​ជា​ទី​ក្រុង​កែឆ្នៃ​សម្រាប់​សម្រាក​កំសាន្ត​លំហែ​របស់​ ពួក​អនានិគម​និយម​បារាំង​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០៨។ ​ខេត្ត​មួយ​នេះ​ ត្រូវ​បាន​ធ្វើ​ការ​លំអរ​ឡើង​វិញ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម ​អោយ​ទៅ​ជា​ទី​កន្លែង​មួយ​គួរ​អោយ​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ ពិសេស ​សម្រាប់​ព្រះ​ករុណា​ព្រះបាទ​នរោត្តម​សីហនុ​ ទៅ​លំហែ​កាយ​។ ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១៧៣​គីឡូ​ម៉ែត្រ ​ពី​ទី​ក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៣ ​ខេត្ត​កែច្នៃ​មួយ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ឱ្យ​ មកទស្សនា​កំសាន្ត​នៅ​រៀង​រាល់​ថ្ងៃ​ចុង​សប្ដាហ៍​។ ​ទេសចរ​ក្នុង​ស្រុក​ចូល​ចិត្ត​មក​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ ​ដែល​មក​ពី​គ្រប់​ទិស​ទី ​ពិសេស​ក្រុង​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជិត​ៗ​ទីនោះ​។​ក្រៅ​ពី​ការ​ងូត​ទឹក​កំសាន្ត​នៅ​ តាម​ឆ្នេរ​ប្រវែង​ជាង​១០០០​ម៉ែត្រ​ គេ​អាច​រក​ទិញ​គ្រឿង​សមុទ្រ​ស្រស់​ៗ​សម្រាប់​បរិភោគ​នៅ​ទីនោះ​ផង​ដែរ។
ក្រៅ ​ពី​តំបន់​ឆ្នេរ ​ដែល​អាច​ឱ្យ​ទេសចរ​ប្រលែង​កំសាន្ត​ជា​មួយ​ទឹក​សមុទ្រ​ហើយ​នោះ ខេត្ត​កែប​​ក៏​នៅ​មាន​តំបន់​ទេសចរ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ដូចជា៖

រមណីយ​ដ្ឋាន​ភ្នំ​សសៀរៈ
​ ​​​ភ្នំ​សសៀរ​ មាន​កំពស់​ប្រមាណ​៤០​ម៉ែត្រ ​មានផ្ទៃ​ដី​សរុប​ប្រមាណ​១,៥​គីឡូ​ម៉ែត្រ ​ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្តកែប ​គឹ​ជា​រមណីយ​ដ្ឋាន​បែប​វប្បធម៌​ ដែល​ទេសចរ​ក្នុង​ខេត្ត​កំពត ​និង​តំបន់​ផ្សេង​ទៀត​ចូល​ចិត្ត​ទៅ​កំសាន្ត​នៅ​ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី​ ម្ដង​។ ​នៅ​លើ​កំពូល​ភ្នំ​មាន​រូង​ធម្មជាតិ​មួយ​ចំនួន​ ដែល​ទេសចរ​ទាំង​ឡាយ​មក​ដល់​ហើយ ​មិន​ដែល​ភ្លេច​ចូល​ទៅ​បន់​ស្រន់​សុំ​សេចក្ដី​សុខ ​ឬ​បួង​សួង​នោះ​ឡើយ ​ព្រោះ​ទី​នោះ​គេ​ជឿ​ថា​ជា​តំបន់​សក្តិ​សិទ្ធ ​ដូច​ជា​រូង​ដំរីស ​និង​រូង​ប្រជៀវ​ ជា​ដើម​។​ នៅ​ក្នុង​រូង​ដំរីស ​ក្រៅ​ពី​មាន​ថ្ម​ដុះ​ជា​រូប​ដំរី​ពណ៌​ស​មួយ​យ៉ាង​ធំ​នៅ​មាន​ផ្លូវ​ចូល​ ផ្សេង​ទៀត​ ទៅ​ដល់​វាល​ស្រែ​មួយ​រយ​ ជា​ប្រភេទ​ថ្ម​ដុះ​តូច​ៗ ​ដែល​គេ​សន្មត​ថា​ជា​វាល​ស្រែ។​ រី​ឯនៅ​ក្នុង​រូង​ប្រជៀវ​វិញ ​មាន​សត្វ​ប្រជៀវ​រាប់​ពាន់​ក្បាល​ យំ​ទ្រហឹង​ពេញ​រូង​ភ្នំ​ និង​មាន​រូប​សំណាក​ព្រះ​ពុទ្ធ​រូប​សម្រាប់​ជា​សក្ការ​បូជា​ផង​ដែរ​។

កោះ​ទន្សាយ​:
ជា​កោះ​ធម្មជាតិ​មាន​ខ្សាច់​ស​ក្បុស​ មាន​ព្រៃ​ដុះ​ខៀវ​ស្រងាត់​ និង​ជា​តំបន់​ដែល​ពួក​សត្វ​សមុទ្រ ​ដូច​ជា​ក្ដាម ​បង្គា ​គ្រុំ​ ងាវ ​ជា​ដើម​ ចូល​ចិត្ត​រស់​នៅ​ជា​ពិសេស​មាន​ប្រភេទ​ផ្កា​ថ្ម​ដ៏​ស្រស់​ស្អាត​ទៀត​ផង​។ ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូ​ម៉ែត្រ​ ពី​ខេត្តកែបកោះ​ទន្សាយ​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​២​គីឡូ​ម៉ែត្រ​ការេ​ មាន​ឆ្នេរ​ចំនួន​ពីរ​កន្លែង ​ជាទី​មនោរម្យ​ក្នុង​ការ​ងូត​ទឹក​កំសាន្ត​ សម្រាប់​ទេសចរ​នានា​ពិសេស​ទេសចរ​បរទេស​។

វត្ត​ភ្នំ​លាវ​:
​ ​​​ឋិត​នៅ​ភាគ​ខាង​កើត​ខេត្តកែប ជា​ទី​អារាម​ពុទ្ធ​សាសនា​សាង​សង់​ឡើង​លើ​កំពូល​ភ្នំ​ មាន​កំពស់​ទាប​ល្មម​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​ទៅ​កំសាន្ត​ នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដង​ៗ ​ជា​ពិសេស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​និង​បិណ្យ​ភ្ជំបិណ្ឌ​ជា​ដើម​។

No comments: