ប្រាសាទបាណន់ ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេ គឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ ត្រូវបានកសាងលើកំពូលភ្នំ ដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តបាត់ដំបង តាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់ គឺជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះប្រាសាទបាណន់ស្ថិតនៅលើកំពូលភ្នំដែលប្រកបទៅដោយធម្មជាតិ ព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែ ហូរជិតជើងភ្នំ ទៀតផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញ បានផ្តល់អំណោយផលបន្ថែមទៀត លើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវ ទៅកាន់រមនីយដ្ឋាននេះ សំបូរទៅដោយភោគផលដំណាំ កសិកម្មដូចជាស្រូវ ចំការទំពាំងបាយជូរ ចំការម្នាស់ ចំការដំណាំបន្លែ និងចំការក្រូចពោធិ៍សាត់ដ៏មានរសជាតិឆ្ងាញ់ ល្បីល្បាញពេញប្រទេស។ ដំណាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានា រួមទាំងរាជធានីភ្នំពេញផង។
No comments:
Post a Comment