Tuesday, July 26, 2011

ខេត្តកំពង់ឆ្នាំង


ចម្ងាយ​ប្រមាណ​៩៣​គីឡូ​ម៉ែត្រ ​ពី​រាជ​ធានី​ភ្នំពេញ​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៥ ​ខេត្ត​កំពង់​ឆ្នាំង​ជា​ទឹក​ដី​មួយ​ ដែល​ល្បី​ល្បាញ​ខាង​សិប្បកម្ម​ផលិត​ក្អម​ឆ្នាំង​។ មិន​តែ​ប៉ុណ្ណោះ​ ទឹក​ដី​នេះ​ក៏​អំណោយ​ផល​ខាង​ធនធាន​ធម្មជាតិ​ជាពិសេស​ត្រី​បឹង​ទន្លេសាប​ដ៏​ សម្បូរ​បែប ​ដែល​ជា​ធនធាន​យ៉ាង​សំខាន់​សម្រួល​ដល់​ជីវភាព​ប្រជា​នេសាទ​ខ្មែរ​យើង​។ ​បឹង​ទន្លេសាប​មួយ​ដ៏​ធំ​សណ្តូក​ខ្លួន​ចំពាក់​កណ្តាល​ទី​រួម​ខេត្ត​ កំពង់ឆ្នាំង ​ដែល​គេ​អាច​មើល​ពី​ត្រើយ​ម្ខាងនៃ​ទនេ្ល​ឃើញ​ភ្នំ​ មាន​សណ្ឋាន​ដូច​ដង​ខ្លួន​មនុស្ស​ដេក​ចំហៀង​ខ្លួន​។ ​ភ្នំ​នោះ​ហើយ​ដែល​ខ្មែរ​យើង​គ្រប់​រូប​សុទ្ធ​តែ​បាន​ស្គាល់​តាម​រយៈរឿង​ ព្រេងបុរាណ​ គឺ​រឿង​ឬទ្ធិសែន​នាងកង្រី​។ ​កាល​ណា​គេ​និយាយ​អំពី​ខេត្ត​កំពង់ឆ្នាំង ​គេ​នឹក​ឃើញ​ដល់​ភ្លាម​ភ្នំ​នាងកង្រី​ ដែល​ជា​ទី​តាំង​ប្រវត្តិសាស្រ្ត​របស់​ខេត្ត​នេះ​។ ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​នាងកង្រី​ ដោយ​ជិះ​ទូក​ឬ​ជិះ​សាឡាង​ឆ្លង​កាត់​ទន្លេសាប​រយៈ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ រួច​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ប្រមាណ​១៥​នាទី​បន្ថែម​ទៀត​។ ​ក្រៅ​ពី​ភ្នំ​នាងកង្រី​នេះ​ នៅ​មាន​ទី​តាំង​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​នេះ​ ដែល​ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ត​ទៅ​កំសាន្ត​ទស្សនា ​ជាពិសេស​ក្នុង​ឱកាស​បុណ្យទាន​ម្តង​ៗ​ដូចជា​៖
​​​​-​ភ្នំ​រាប់បាត្រ ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១២​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​អណ្ដូងជ្រៃ​ឃុំ​អណ្ដូងស្នាយ​ស្រុក​រលាប្អៀរ។​ ទីនោះ​ជា​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្រ្ត​ទាក់ទង​ទៅ​នឹង​រឿង​ព្រេង​របស់​ ខ្មែរ​យើង​។
​​​​-​ភ្នំ​សន្ទូច​ ឋិត​ក្នុង​ ភូមិ​សន្ទូច ​ឃុំ​ស្រែថ្មី ​ស្រុក​រលាប្អៀរ​ ចម្ងាយ​៣​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង​។
​​​​-​ភ្នំ​ក្រាំងរមាស ​ឋិត​នៅ​ក្នុង​ស្រុក​រលាប្អៀរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ចម្ងាយ​២​គីឡូ​ ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង​ ទីនោះ​មាន​ម្លប់​ឈើ​ធំ​ៗ​ ខ្យល់​ជំនោរ​ត្រជាក់​អម​ដោយ​ទេសភាព​ធម្មជាតិ​ស្រស់​ត្រកាល​។
​​​​-​ភ្នំ​តារាជ​ ឋិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង​ ក្នុង​ភូមិ​ភ្នំតូច ​ឃុំ​ក្រាំងពង្រ ​ស្រុក​រលាប្អៀរ ​តាម​ផ្លូវ​ជាតិ​លេខ​៥ ​ជា​តំបន់​ប្រវត្តិសាស្រ្ត​ជាប់​ទាក់ទង​ទៅ​នឹង​របប​ខ្មែរក្រហម​។
​​​​ ក្រៅ​ពី​ភ្នំ​ធម្មជាតិ​ទាំង​នេះខេត្ត​កំពង់ឆ្នាំង​ក៏​មាន​ប្រាសាទ​បុរាណ​ដែល ​ភ្ញៀវ​ទេសចរ​ជាតិ​ចូល​ចិត្ត​ទៅ​កំសាន្ត​នៅ​ពេល​មាន​ពិធី​បុណ្យទាន​ប្រពៃណី​ ខ្មែរ​ម្តង​ៗ​។

No comments: