សំឡេងសត្វព្រៃដែលស្ងាត់ជ្រងំដោយសារការបរបាញ់យ៉ាងអនាធិបតេយ្យកាលបីប៉ុន្មានឆ្នាំមុននោះ ក៏ប្រែជាមានសំឡេងយំនៅក្នុងព្រៃឡើងវិញដែរ ។ ដោយសារការយកចិត្តទុកដាក់ ថែរក្សាជាថ្មីរបស់សហគមន៍នៅពេលនេះបានធ្វើឱ្យនៅបរិវេណទឹកជ្រោះអន្លង់រ័ត្ន ក្លាយទៅជារមណីយដ្ឋានធម្មជាតិថ្មីមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរឱ្យចង់មកទស្សនានៅទីនោះ ។
ស្លាកស្នាមព្រៃឈើដែលទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាលកាលពីប៉ុន្មានឆ្នាំមុននោះមិនទាន់ រលុបបាត់នៅឡើយប៉ុន្តែកូនឈើដែលទើបតែដុះដើមល្បាស់ថ្មីៗនៅលើគល់ឈើចាស់ដែលបាន ដុះលូតលាស់សាជាថ្មីជាសញ្ញាបង្ហាញថាបរិស្ថាននៅទីនោះត្រូវបានគេយកចិត្តថែរក្សាវាជាថ្មីឡើងវិញ ។
សំឡេងនៃសន្ធឹកទឹកជ្រោះហូរធ្លាក់ពីល្បាក់ភ្នំលាន់ឮសូរឈូៗ គួបផ្សំនឹងល្បឿនខ្យល់ដែលបោកបក់មក ប៉ះជាមួយព្រៃព្រឹក្សានិងស្លឹកឫស្សីឮសូរវូៗលាយឡំជាមួយនឹងសំឡេងយំរបស់បក្សាបក្សីផងនោះ បង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះក្រៃលែងធ្វើឱ្យភ្ញៀវទេសចរទាំងឡាយកាលបើបាន ទៅដល់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នហើយពិតជាមានអារម្មណ៍ភ្លឺថ្លាក្រៃលែង ។ ចំពោះអ្នក ដែលស្រឡាញ់និងចូលចិត្តធម្មជាតិពិសេសភ្ញៀវទេសចរបរទេសទីនោះបានក្លាយទៅជាឋានសួគ៌ សម្រាប់ការលម្ហែកាយរបស់ពួកគេ ។
ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណបួនគីឡូម៉ែត្រ ខាងជើងឧទ្យានជាតិគិរីរម្យ និង មានចម្ងាយប្រមាណបីគីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់មានទីតាំងស្ថិតក្នុងឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សហគមន៍ទេសចរណ៍ក្នុងឃុំចំបក់ ។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នចាប់ផ្តើមបង្កើតឡើងនៅចុងឆ្នាំ២០០៨ ដោយមានការបង្ហាត់បង្រៀនពីអង្គការម្លប់បៃតង មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភពីអង្គការ អាយ វី ស៊ី អិន របស់ប្រទេសហុល្លង់ ។ គេអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នបានដោយមធ្យោបាយគ្រប់ប្រភេទទៅ ដល់កន្លែងតែម្តង ។ មុននឹងបានចូលទៅដល់រមណីយដ្ឋានអន្លង់រ័ត្នភ្ញៀវទេសចរបានធ្វើដំណើរកាត់ភូមិស្ថានរបស់ប្រជាពលរដ្ឋ ដែលពួកគេបានឈរទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់និងកក់ក្តៅជាទីបំផុត ។ នៅក្នុងភូមិស្ថានទាំង ប្រាំបួនរបស់ឃុំចំបក់មានផ្ទះសំណាក់ហូមស្តេយ៍ដំណាំហូបផ្លែផ្កាភ្ញីសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលមានបំណងស្នាក់នៅនិងហូបចុកនៅទីនោះក្នុងតម្លៃសមរម្យដែលរៀបរៀងដោយអ្នក ភូមិនៅក្នុងសហគមន៍ដោយផ្ទាល់ហើយបើភ្ញៀវទេសចរចង់ទស្សនាសិល្បៈសហគមន៍ នឹងរៀបចំសម្តែងជូនទស្សនាតាមសេចក្តីត្រូវការ ។
នៅខាងមុខស្នាក់ការសហគមន៍ទេសចរណ៍ទឹកជ្រោះអន្លង់រ័ត្ន មានភ្នាក់ងារទេសចរណ៍សហគមន៍រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរដែលបានមកទស្សនានៅទីនេះ ។ ភ្ញៀវទេសចរខ្មែរម្នាក់ដែលចូលទស្សនានៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ន ត្រូវបង់ប្រាក់ថ្លៃទិញសំបុត្រមួយពាន់រៀលឯភ្ញៀវបរទេសវិញ ត្រូវចំណាយថវិកាមួយដុល្លារ ក្នុងការចូលទៅទស្សនាម្តងៗ ។
នៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នមានចំណុចបីសំខាន់ដែលធ្វើការទាក់ទាញភ្ញៀវទេសចរ ។ ទីមួយភ្ញៀវទេសចរអាចដើរកម្សាន្តលេងនៅក្នុងព្រៃ និងឡើងលើកំពូលភ្នំយ៉ាងខ្ពស់មួយដែលជាប្រភពនៃ ទឹកហូរធ្លាក់ចូលទឹកជ្រោះអន្លង់រ័ត្ន ។ នៅពេលដែលយើងបានឈរនៅលើកំពូលភ្នំនោះ យើងនឹងបានឃើញទិដ្ឋភាពព្រៃព្រឹក្សា និង ទឹកជ្រោះជ្រលងដងអូរទាំងឡាយ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ធទៀតផង ។ ចំណុចទីពីរភ្ញៀវទេសចរអាចទៅទស្សនា នៅទឹកជ្រោះអន្លង់រ័ត្ន ហើយនិងបានឃើញទឹកជ្រោះដែលហូរធ្លាក់ពីលើកំពូលភ្នំយ៉ាងលឿនចុះមកក្រោម នៅរដូវវស្សាល្បឿនទឹកហូរយ៉ាងខ្លាំង ធ្វើឱ្យទឹកបែកពពុះយ៉ាងខ្លាំង និង ទឹកខ្ទាតបែកខ្ចាយទៅប៉ះនឹងផ្ទាំងថ្ម និង ព្រៃព្រឹក្សា បង្កើតបានជាទេសភាពមួយថ្មីទៀត គួរឱ្យចង់គយគន់ក្រៃលែង ។ ចំពោះនៅរដូវប្រាំងវិញ ទឹកជ្រោះអន្លង់រ័ត្នបានហូរធ្លាក់សន្សឹមៗចូលទៅក្នុងស្ទឹង ហើយបន្ត ហូរកាត់ព្រៃព្រឹក្សា និង ផ្ទាំងថ្មតូចធំ ធ្វើឱ្យអ្នកទេសចរដែលចូលចិត្តនិយមការងូតទឹកកម្សាន្តនៅទីកន្លែងនោះ ហើយជាកន្លែងត្រេកត្រអាលក្រៃលែងរបស់ភ្ញៀវនៅពេលដែលគេបានឃើញនូវទេសភាព និង ទិដ្ឋភាពដែលទឹកហូរកាត់ ផ្ទាំងថ្មតូចធំ និង មានរំលេចទៅដោយកូនត្រីតូចៗដែលហែលប្រដេញគ្នារកចំណីនៅតាមកន្លៀតថ្ម ។ ចំណុចទីបី ភ្ញៀវអាចទៅលេងកម្សាន្តនៅក្នុងបឹងមួយយ៉ាងធំដែលមានទំហំប្រមាណជាងមួយហិកតារ ដែលមានទឹកថ្លាឆ្វង់ និង នៅរដូវវស្សា ទឹកល្អក់ជាងនៅរដូវប្រាំង ។ នៅជុំវិញបឹងយ៉ាងធំនោះមានតូបតូចៗសម្រាប់ជួលឱ្យភ្ញៀវទេសចរ សម្រាកលម្ហែកាយ អង្គុយ និង ដេកសម្រាក ។ នៅក្នុងទឹកបឹងយ៉ាងធំល្វឹងល្វើយ ភ្ញៀវទេសចរ ពិសេសភ្ញៀវខ្មែរតែម្តង និយមងូតទឹកលេងកម្សាន្តមានពោងកៅស៊ូ កង់រថយន្តជាច្រើន ត្រូវបានគេដាក់ជួលឱ្យភ្ញៀវដែលនិយមចុះងូតទឹកលេង ។ ក្រោយពីឡើងពីងូតទឹកលេងហើយភ្ញៀវទេសចរកុម៉្មង់មាន់ដុត ឬ ម្ហូបផ្សេងៗរបស់សហគមន៍ដែលនាំគ្នាលក់ជូនភ្ញៀវតាមសេចក្តីត្រូវការមានរសជាតិឈ្ងុយឆ្ងាញ់ និង មានតម្លៃសមរម្យ ។
លោក វ៉ា មឿន ប្រធានអង្គការម្លប់បៃតងបានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះ ស្ថិតនៅក្នុងព្រៃសហគមន៍ឃុំចំបក់ ដែលមានផ្ទៃដីរួមជាងពីរហិកតារ មានប្រជាពលរដ្ឋចំនួនប្រាំបួនភូមិជាអ្នកគ្រប់គ្រង និង ទទួលផល ប្រយោជន៍ដោយផ្ទាល់ពីរមណីយដ្ឋាននេះ ។ ការបង្កើតឡើងរមណីយដ្ឋាននេះ គឺមានគោលបំណងពីរសំខាន់ ទីមួយ គឺការរកចំណូលសម្រាប់កែប្រែ និង លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ និង ទីពីរ គឺការចូលរួមការពារបរិស្ថាន បញ្ចៀសការកាប់ព្រៃឈើ និង បរបាញ់សត្វព្រៃ និង បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃឈើ និង សត្វព្រៃ ព្រោះទីនេះជាអាយុជីវិតរបស់គាត់ ។ ភ្ញៀវដែលទៅទស្សនានៅរមណីយដ្ឋានអន្លង់រ័ត្ន ក្រៅពីការទស្សនាទឹកជ្រោះព្រៃព្រឹក្សា និង ងូតទឹកបឹង ភ្ញៀវទេសចរក៏នាំគ្នាទៅកម្សាន្ត ល្បែងប្រជាប្រិយ ដែលសម្តែងដោយអ្នកភូមិ និង ធ្វើការស្វែងយល់ពី ជីវភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះទៀតផង ៕
No comments:
Post a Comment