Tuesday, July 26, 2011

ខឹង​សុំ​ច្រៀង​មួយ​បទ​មិន​​បាន​ទាញ​ដែក​ទីប​វាយ​បំបែក​ក្បាល​២​នាក់​របួស​ធ្ងន់​

យុវជន​ស្ទាវ​ពីរ​ក្រុម​ចិត្ត​ឆេវឆាវ​ពេលកំពុងច្រៀង​ខារ៉ាអូខេ ដោយ​ភាគី​ក្រុម ក្មេង​ស្ទាវ មួយ​ក្រុម​ទៀត សុំ​ក្បាល​មេក្រូ​​យក​មក​ច្រៀង​ម្ដង ​មិន​បាន ខឹង​ចិត្ត​នាំ​គ្នា​ទាញ​ទីប​វាយ​សំពង​បែក​​ក្បាល​របួស​ធ្ងន់​២​នាក់​។

ហេតុការណ៍កើតហេតុ​កាលពី​ថ្ងៃ​ទី​២៤​ខែ​កក្កដា​ ឆ្នាំ​២០១១​ វេលា​ម៉ោង​២១​និង​ ៣០​នាទី ​នៅ​កន្លែង​លក់​គ្រឿង​ក្លែម​របស់​ឈ្មោះ ​ចាន់ ​អិត​ ​(ផ្ទះ ស សុរ៉ាត់ឌី)​ ស្ថិតនៅ​​ភូមិ​​ស្វាយ​ធំ ​សង្កាត់​ក្រាំងអំពិល​ ក្រុង​កំពត​ ខេត្ត​ កំពត។ ​ជនសង្ស័យ​ឈ្មោះ ​យឹម ​ផាន់នូ​ ត្រូវ​បានឃាត់​ខ្លួន​ និង​ បក្សពួក​ ៤​នាក់​ផ្សេងទៀត​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​យក​ដែក​បំពង់​ទីប​វាយ​ទៅ​លើ​ជនរងគ្រោះ​ឲ្យ​របួស​​ធ្ងន់​ ២​នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រី​ សារ៉ុន​ ហៅ​ សី​ ភេទ​ប្រុស​អាយុ ​១៩​ឆ្នាំ សព្វថ្ងៃ​រស់​នៅ​ភូមិ​គក ​ឃុំ ​ត្នោត​ ស្រុក​ កញ្ច្រៀច ​ខេត្ត​ព្រៃវែង​ មុខ​របរ​កម្មករ​បើក​បរ​រ៉ូឡូ​ផ្លូវ​ដែក​នៅ​កំពត​ រង​របួស​បែក​ក្បាល​ពី​ក្រោយ និងម្នាក់ទៀត​ឈ្មោះ ​នល់ ​ឧត្ដម ​ហៅ ​អាដំ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃរុន ​ឃុំ​ទ្រាំង ​ស្រុក​ ទ្រាំង​ ខេត្ត​ តាកែវ ​មុខ​របរ​ កម្មករ​ពិនិត្យ​ស្ទុង​ផ្លូវ​ដែក​រង​របួស​បែក​ក្បាល​ពី​ក្រោយដូចគ្នា។
​ តាម​បណ្ដឹង​របស់​ឈ្មោះ ​នល់​ ឧត្ដម​ បាន​ឲ្យ​ដឹង​ថា ​ខ្លួន​រួម​ជាមួយ​មិត្ត​ភក្ដិ ​ឈ្មោះ ​រី ​សារ៉ុន ​និង ​ឈ្មោះ ​បុល​ ហៅ ​ជ្រូក​ ខណៈ​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ(គិត​តាម​បទ) ​មាន​ឈ្មោះ ​យឹម ​ផាន់នូ​ សុំ​ខ្លួន​ច្រៀង​មួយ​បទ​ពេល​​នោះ​ឈ្មោះ ​យឹម​ ផាន់នូ កំពុង​​ច្រៀង​ស្រាប់​តែ​កា​សែត​ដីស​ខារ៉ាអូខេ ​ជាប់​រូបភាព​រអាក់​រអួល​​ ហើយ​ឈ្មោះ ​យឹម​ ផាន់នូ ​បាន​យក​ក្បាល​មេក្រូហ្វូន ​អុក​លើ​តុ ​រួច​ដើរ​ចេញ​មក​ក្រៅ​បាត់​។ ​បន្ទាប់​មក​ឈ្មោះ ​យឹម​ ផាន់នូ ​ចូល​ទៅ​វិញ​យក​កែវ​គប់​មក​​លើ​ខ្លួន​(នល់ ​ឧត្ដម) ​ត្រូវ​ចំ​ស្មា​ខាង​ស្ដាំ ​ហើយ​ឈ្មោះ ​យឹម ​ផាន់នូ​ ចេញ​មក​ក្រៅ​ពេល​នោះ​ពួក​ជន​រងគ្រោះ​​ឈប់​ច្រៀង ដោយ​​ឈ្មោះ ​រី ​សារ៉ុន​ ចេញ​មក​ខាង​មុខ ​ត្រូវ​ឈ្មោះ ​យឹម​ ផាន់នូ ​ដាល់​ត្រូវ​មុខ​ខាង​ស្ដាំ ​១​ដៃ​ រួច​ឈ្មោះ ​យឹម ​ផាន់នូ​ យក​ដែក​បំពង់​ទីប​វាយ​ក្បាល​ឈ្មោះ ​រី សារ៉ុន ​១​បំពង់​ទីប​មក​បន្ទាប់​បក្ស​ពួក​រប​ស់​ឈ្មោះ​ យឹម ​ផាន់នូ ​យក​ដុះ​ឥដ្ឋ​គប់​​ក្បាល​ឈ្មោះ​នល់ ឧត្ដម​១​ដុំ​ឥដ្ឋ​ទៀត​បណ្ដាល​ឲ្យ​បែក​ក្បាល​ខាង​ក្រោយ​ទាំង​ពីរ​នាក់​ តែម្ដង។​
សមត្ថកិច្ច​បានឃាត់​ខ្លួន​ឈ្មោះ​យឹម ផាន់នូ ប៉ុន្តែ​បក្ខ​ពួក​គេ​៤​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់ ទៅហើយ។ ជនសង្ស័យ​ឈ្មោះ​យឹម​ ផាន់​នូវ បាន​ឆ្លើយបដិសេធ​​ថា​ខ្លួន​មិន​បាន​វាយ​ទៅ​លើ​ជនរងគ្រោះ​ទេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ ​ការ​តាម​ច្បាប់​ហើយ៕

No comments: