Tuesday, July 26, 2011

រមណីយដ្ឋាន​ជាតិ ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក នៅ​ថ្ងៃសំរាក ឫ នៅថ្ងៃបុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​ មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្តបាត់ដំបង ក្នុងភូមិភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​។​ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ប្រហែល១០០ម មាន​កាំ​ជណ្តើរ​​ចំនួន ១០៣០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល ​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំខាងក្រោយ ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ដើមឡើយ គ្រាន់តែជាអាស្រម សំរាប់សំណាក់ធម៌តែប៉ុណ្ណោះ។​ នៅលើខ្នងភ្នំ មានវត្តអរុណនារី ឬវត្តដូនជីក្មេង និងចេតិយធំៗស្អាតៗ របស់អភិជនខ្មែរពីសម័យមុនៗ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយគ្នា តាមបែបរឿង​និទាន​ខ្មែរ ចៅរាជកុល និង​នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធសឹង​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិទាំងអស់។

ពេល​មកដល់​ជើង​ភ្នំ​សំពៅ គេ​អាច​ធ្វើ​ដំណើរ​ឡើង​ ទៅ​លើ​កំពូល​ភ្នំ ​ដោយ​ផ្លូវ​ពីរ​កន្លែង ។ ផ្លូវ​ទីមូយគឺ​ធ្វើ​ដំណើរថ្មើរ​ជើង ​ឡើង​តាម​ជណ្តើរ​ថ្ម ​បត់​បែន​ចុះ​ឡើង​ ដូច​ពស់​លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវ​ឡើង​ទី​ពីរ ដែល​ទើប​កសាងថ្មីៗ ​ដោយ​មានចាក់​បេតុងបាន​ប្រ​មាណ​៨០​ភាគ​រយ​ អាច​អោយម៉ូតូឬរថយន្ត​ ​ឡើង​ទៅ​ជិត​ដល់​កំពូល​ភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្តទៅទៀត។ នៅទីនោះ មាន​រូប​សំណាក ព្រះ​ពុទ្ធ​បដិមា​ធំ ដែលមានទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល។ ​ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកំសាន្តលើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរជើងភ្នំតែងទាមទារអោយបង់ប្រាក់ មុននឹងឡើងទៅ មានចំនួនពី ពីរដុល្លារទៅ៥ដុល្លារ​​ ដោយមានម៉ូតូឌុបនាំឡើងទៅដល់កំពូល ទាំងទៅទាំងមក។

ចំណែក ការ​ដើរ​ទស្ស​នាតាម​ល្អាង​​ មាន​កុមារ​អ្នក​ស្រុកតូចៗ​ មាន​អាយុ​ចាប់​ពី ៨​ទៅ​១៥​ឆ្នាំ ​តែងសុំ​ភ្ញៀវ​ជូន​ដើរ​មើល​ តាម​ល្អាង​នានា​ នៅ​លើ​ភ្នំ​សំ​ពៅ ។ ពួក​នាំ​ផ្លូវ​ភ្ញៀវផង ​និយាយ​រាប់​រាប់​ផង អំពីប្រវត្តិខ្្លះៗ​ដែលទាក់ទងនឹងភ្នំសំពៅ គឺជាអត្ថបទដែល ​ពួក​គេរៀន​ចាំមាត់ដូច​មេសូត្រ​ ។ គេធ្វើដូច្នេះ ដោយសង្ឃឹមថា​ ពួកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗ ដើម្បីលៀងជីវិត។ នៅ​លើ​ភ្នំសំពៅ​នេះ​ មាន​ល្អាង​រូង​ភ្នំ​ ទាំង​តូច​ទាំង​ធំ​​ ចំនួន​១២​ល្អាង ដូចជា ១​- ល្អាង​ផ្កាស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន​ ៦- ល្អាង​ជ្រៃ ៧- ​ល្អាង​ពេជ្រ ៨- ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានី​យឬល្អាង​ធំ ១១- ល្អាង​ខ្យល់​ និង ១២- ល្អាង​ក្បាល​ខ្មោច ។

ល្អាង​ផ្កាស្លា​ មាន​ប្រ​វត្តិ​ព្រេងនិទាន ទាក់​ទង​នឹង​រឿង​ ព្រះចៅ​រាជ​កុល នាំ​ភស្តុ​ភារ ​បណ្ណាការ​​ រួម​ទាំង​ផ្កា​ស្លា​ ដើម្បីទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុន​ចូល​ទៅ​ល្អាង​​ផ្កា​ស្លា​ មាន​ថ្ម១​ផ្ទាំង​ មាន​រូប​រាងដូច​ជា​ផ្កា​ស្លាក្រពុំ។ ដោយសារ ល្អាងនោះ មាន​សភាព​ចង្អៀត​​ងងឹត ​ទើប​មាន​គេ​ចាប់​ភ្លើង​ អគ្គីស​នី ដោយប្រើ​អាគុយ​ សម្រាប់​បំ​ភ្លឺ​ផ្លូវ ហើយ​មាន​អ្នកបញ្ចាំង​ពិល​ជួន​ភ្ញៀវ ​ដើម្បីសុំកំរៃពី​ភ្ញៀវ​បន្តិច​បន្តួច​ សម្រាប់​បញ្ចូល​អាគុយវិញ ។ ពេល​ចុះ​ទៅ​ដល់​ល្អាង​គក់​ទ្រូង គេឃើញមាន​រូប​បដិមា​សំរឺទ្ធ​ពណ៌​ខ្មៅមួយ​អង្គ ។ ពេលចង់សាកល្បងគក់​ទ្រូង​ ទេសចរណ៍ម្នាក់ត្រូវ​ឡើង​ឈរ​លើ​ផ្ទាំង​ស៊ីម៉ង​ត៍ បូន​ជ្រុង​ទ្រ​វែង​ ហើយ​យក​ដៃ​គក់​ដើម​ទ្រូង​ នោះគេនឹងឮ​សំឡេង​ខ្ទ័រ​ តបត្រឡប់​មក​វិញ​ ។ ពេល​ឡើង​ពី​ល្អាង​គក់​ទ្រូងមកវិញ គេនឹង​បាន​ជួប​ ព្រះ​ពុទ្ធ​បដិមារចូល​និពាន្ត១​អង្គ​ធំ​ មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដែល​កសាង​ដោយ​សប្បុរស​ជន ​នៅ​ក្រៅ​ប្រ​ទេស ។ មុន​ចូល​ល្អាង​ខ្យល់​ គេ​ឃើញ​មាន​ដើម​ស្វាយ​កល្ប មួយ​ដើម​ដែល​សង់​អំពីស៊ីម៉ង​ត៍ ​មាន​រួប​រាង​ដូច​ដើម​ស្វាយ។ មាន​ប្រ​វត្តិ​និទានតៗ​គ្នា មកថា ​បើ​អ្នក​ណា​បាន​ហូប​ ស្វាយ​កល្ប​នេះ​ហើយ មនុស្ស​ចាស់​នឹងក្លាយ​ជា​ក្មេង ហើយ​មាន​ជីវិត​អមតៈ ។

ពេលភ្ញៀវ​ឈាន​ចូល​ល្អាង​ខ្យល់​ គេនឹងមានទទួលអារម្មណ៍ថា មាន​ខ្យល់​បក់​មក​ត្រជាក់​ស្រេបមកលើពួកគេ ។ តែ​ពេល​ចេញ​ផុត​ គឺគ្មាន​ខ្យល់បក់ល្ហើយអញ្ចឹងទៀត​ទេ ហើយ​មាន​ផ្លូវ​តូច​ចង្អៀត​ងងឹត​សម្រាប់​ឡើង​ទៅ​វិញ ។ ក្រៅ​ពី​ល្អាង​ទាំង​បីនេះ​ នៅមាន​ល្អាង​តែង​ខ្លួន ល្អាង​ល្ខោន ដែល​មានរឿងនិទាន ទាក់ទងទៅនឹងសំពៅ​របស់​ព្រះ​ចៅរាជ​កុល ដែល​មាន​កន្លែង​សម្រាប់​ពួក​ក្រុម​ល្ខោន ស្នាក់នៅ។ នៅតាម​ជញ្ជាំង​ភ្នំ​ មាន​ទឹក​ហូរ​ជ្រាប ដូច​ជា​ប្រេង​សម្រាប់​ចាក់​សំពៅ មាន​ល្អាង​ស្ថានី​យឬ​ល្អាង​ធំ ដែល​មាន​ទី​ធ្លា​ធំ​ទូ​លាយ ។ ក្រៅ​ពីនោះ មាន​ល្អាង​ខ្វៃង​មាន​រាង​ដូច​សញ្ញាដួច​លេខ​បូក ល្អាង​ជ្រៃ មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ ល្អាង​ពេជ្រ ​មាន​ជណ្តើរ​ចុះ​ទៅក្រោម ​រាង​ចោទ ។ បើ​ធ្វើ​ដំណើរ​ពេលមាន​ភ្លៀង​ អាច​បណ្តាល​ឱ្យមាន​គ្រោះ​ថ្នាក់​បាន។ នៅ​មាន​ល្អាង​ក្បាល​ខ្មោច ដែល​មាន​ដាក់​តាំង ​លលាដ៏ក្នុង​ទូ​កញ្ចក់​មួយ​ ជាធាតុរបស់ជនរងគ្រោះដែល​ត្រូវ​ពួក​ខ្មែរក្រហម ​នាំ​យក​មក​សម្លាប់​នៅទី​នេះ ។ ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ ​ដែល​មក​ទស្សនា​នៅ​រមណី​យដ្ឋាន​ ធម្ម​ជាតិ​ភ្នំសំពៅ តែង​តែរចង់​ឃើញល្អាង​សំខាន់ៗទាំង​១២កន្លែងនោះ ។ នៅ​ខេត្ត​បាត់​ដំបង ​មាន​ភ្នំ​ជា​ច្រើ​ន​ទៀត ជុំវិញភ្នំសំពៅ ដែល​មានរឿងនិទានដំណាលជាប់ទាក់​ទង​និង​រឿងភ្នំសំពៅ​ ដូចជា ភ្នំ​ក្តោង ភ្នំ​ក្រ​ពើ ភ្នំនាង​រំ​សាយ​សក់​ ភ្នំទ្រុង​មាន់ទ្រុង​ទា​ និង ​ភ្នំអណ្តើក ។ល៕

No comments: