ទោះបីជារមណីយដ្ឋានទេសចរណ៍កោះផ្តៅ ទើបតែបង្កើតថ្មីបានជាងមួយឆ្នាំក៏ពិតមែន ប៉ុន្តែ តំបន់ទេសចរណ៍ ថ្មីនេះបានទទួល ការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសយ៉ាងច្រើន ។ តំបន់ទេសចរណ៍កោះផ្តៅនេះ ស្ថិតនៅក្នុងឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ ។ បន្ទាប់ពីភ្ញៀវ ទេសចរទៅទស្សនាព្រះវិហារសសរមួយរយរួច ហើយពួកគេនឹងបន្តដំណើរទៅកាន់តំបន់ រមណីយដ្ឋានទេសចរណ៍ កោះផ្តៅនេះដោយគេអាចទស្សនាសត្វផ្សោត ធ្វើដំណើរកម្សាន្តនៅ លើកោះ និង លម្ហែកាយតាមឆ្នេរខ្សាច់ ដ៏ស្រស់បំព្រងនៅទីនោះ ។ ជាមួយគ្នា នឹងការទស្សនា រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនេះហើយ ភ្ញៀវទេសចរនឹងបានសិក្សាស្វែងយល់អំពី វប្បធម៌រស់នៅ របស់ប្រជាពល រដ្ឋនៅតំបន់នោះដូចជាប្រពៃណីលៀងអារក្សជាដើម ។
ដោយសារតែតំបន់ទេសចរណ៍កោះផ្តៅ ទើបតែបង្កើតថ្មី អ្នកទេសចរជាតិ និង អន្តរជាតិ ភាគច្រើនមិនទាន់បាន ស្គាល់តំបន់ ទេសចរណ៌នេះ ប៉ុន្មាននៅឡើយទេ ។ បើគេចង់ធ្វើដំណើរទៅលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះផ្តៅនេះ គេត្រូវធ្វើដំណើរ ចេញពីភ្នំពេញ តាមផ្លូវជាតិលេខប្រាំពីរ ឆ្ពោះទៅទីរួមខេត្ត ក្រចេះ ដោយប្រើរយៈពេលប្រាំពីរម៉ោង ។ នៅពេលទៅដល់ទីរួមខេត្តក្រចេះ ភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរ តាមរថយន្ត ឈ្នួលទៅកាន់ស្រុកសម្បូណ៌ ដែលមានចម្ងាយសាមសិបប្រាំមួយគីឡូម៉ែត្រទៀត ។ ដើម្បីធ្វើដំណើរទៅកាន់ កោះផ្តៅ ត្រូវជិះទូកចម្ងាយប្រាំបីគីឡូ ម៉ែត្របន្តទៀត ។
បើនៅរដូវប្រាំងវិញ នៅពេលគេមើលសត្វ ផ្សោតរួចហើយ ភ្ញៀវទេសចរ នាំគ្នាដើរលំហែ កាយតាមឆ្នេរខ្សាច់ និង ជិះទូក លម្ហែកាយតាមដងទន្លេ ដើរទស្សនាតាមភូមិឋានអ្នកស្រុក និង មានការ បង្ហាញអំពីវប្បធម៌ លៀងអារក្ស អ្នកតា របស់អ្នកស្រុកជូនដល់ភ្ញៀវទេសចរផងដែរ ។
No comments:
Post a Comment