កំពតជាខេត្តមួយដែលមានសក្តានុពលយ៉ាងច្រើនលើវិស័យទេសចរណ៍ និង ជាទីពេញចិត្ត ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ ពិសេសគឺជាទីកន្លែង សម្រាកលម្ហែកាយយ៉ាងសំខាន់របស់ភ្ញៀវទេសចរបរទេស ។ ក្រៅពីការទស្សនានៅរមណីយដ្ឋាន ទឹកឈូដែលជាទីពេញនិយម និង ទៅទស្សនាកម្សាន្តនៅឧទ្យានជាតិបូកគោដែលមានភាពល្បីល្បាញ តាំងពីជំនាន់បារាំងមកនោះ កំពតនៅមានរមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋាន វប្បធម៌ប្រវត្តិ សាស្ត្រ យ៉ាងច្រើនរាប់មិនអស់ទៀតដែលជាទីត្រេកត្រអាលរបស់ភ្ញៀវទេសចរ ។ ទឹកជ្រោះ អន្លង់ធំជារមណីដ្ឋានធម្មជាតិថ្មីមួយទៀតនៅខេត្តកំពត ដែលកំពុងមានការចាប់ អារម្មណ៍ យ៉ាង ខ្លាំងពីសំណាក់ភ្ញៀវទេសចរនាពេលបច្ចុប្បន្នដែលបានទៅដល់ទឹកដី តំបន់មាត់សមុទ្រមួយនេះ ។
បើយើងចង់ទៅទស្សនារមណីយដ្ឋានអន្លង់ធំ យើងត្រូវធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ បី ដោយចេញពីទីរួមខេត្តកំពត ឆ្ពោះទៅវាលរេញបានចម្ងាយប្រមាណម្ភៃប្រាំពីរគីឡូម៉ែត្រ ហើយក្រឡេកមើលខាងស្តាំដៃនឹងបានឃើញសាលារៀន មួយដែលមានឈ្មោះថា វិទ្យាល័យ ហ៊ុន សែន ហើយបន្តដំណើរតាមផ្លូវសាលានោះក្នុងចម្ងាយផ្លូវក្រាលក្រួសក្រហម មួយគីឡូម៉ែត្រទៀត នោះនឹងបានឃើញស្លាកឈ្មោះរបស់រមណីយដ្ឋានអន្លង់ធំនេះ ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត អ្នកទេសចរអាចធ្វើដំណើរទៅទីនោះដោយយាន យន្តគ្រប់ប្រភេទដោយគ្មានបារម្ភអ្វីឡើយ ។
នៅពេលដែលបានទៅទស្សនានៅរមណីយដ្ឋានអន្លង់ធំនោះ យើងនឹងបានឃើញនូវ ទេសភាពដ៏អស្ចារ្យ ដែលយើងកម្របានឃើញពីមុនមកណាស់ ភាពទាក់ទាញបំផុតនៅ រមណីយដ្ឋានថ្មីនេះគឺយើងអាចមើលឃើញទេសភាព ទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំ មកប៉ះនឹងផ្ទាំងថ្មបែកទឹកខ្ចាយជាតំណក់ៗដែលធ្វើឱ្យយើងមើលឃើញតំណក់ ទឹកនោះហាក់បីដូច ជាដុំព្រិលដែលធ្លាក់ខ្ទាតប៉ះទៅនឹងស្លឹកឈើព្រៃគួរឱ្យចង់គយគន់ក្រៃលែង ។ ទឹកដែលធ្លាក់មក ខាងក្រោមបានហូរគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់ដោយមានហ្វូងមច្ឆាតូចធំ ហែលប្រដេញគ្នាគួរឱ្យគយគន់ក្រៃលែង ។ ជាយូរៗម្តងគេបានឮសំឡេងសត្វរៃកណ្តឹង និង សំឡេងបក្សាបក្សីយំយ៉ាងទ្រហឹងអឺងកងចេញពីដើមឈើដែល ដុះអមសងខាងមាត់ស្ទឹងបង្កើត បានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្ត ។
លោក សយ ស៊ីណុល អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា នេះជា រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិថ្មី សន្លាងមួយទៀតដែលយើងរៀបចំបង្កើតឡើងឱ្យភ្ញៀវចូលមក ទស្សនានៅខែវិច្ឆិកា ឆ្នាំ ២០០៧ កន្លងទៅនេះ ។ នៅពេល ដំបូងពុំសូវមានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកប៉ុន្មានឡើយ ប៉ុន្តែទីនោះមានការនិយមចូលចិត្ត យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរបរទេស ។ រមណីយដ្ឋានអន្លង់ធំមានទេសភាព និង ទិដ្ឋភាពប្រហាក់ ប្រហែលគ្នា នឹងទឹកឈូដែរ ដែលមានទឹកធ្លាក់នៅផ្នែកខាងលើ ហើយបានហូរចុះមកតាមដង ស្ទឹងកាត់ផ្ទាំងថ្មតូចធំដែលមានព្រៃតូចធំ ដុះអមសងខាងមាត់ស្ទឹងយ៉ាងត្រជាក់ត្រឈឹងត្រឈៃ ។ ស្ទឹងនោះមានចម្ងាយប្រមាណពីរគីឡូម៉ែត្រពីមាត់សមុទ្រ ឯនៅផ្នែកខាងក្រោមដែលជាប់នឹង មាត់សមុទ្រវិញ រំលេចទៅដោយព្រៃកោងកាងដែលមានទេសភាពគួរឱ្យចង់គយគន់ក្រៃ លែង ។ ការទៅទស្សនានៅបានធ្វើឱ្យភ្ញៀវទេសចរបានទស្សនាទេសភាពពីរដាច់ដោយឡែកពីគ្នា ទីមួយគឺ បានទស្សនាទឹកធ្លាក់ព្រៃភ្នំជ្រលងដងអូរ និង ទីពីរភ្ញៀវទេសចរបានទស្សនាទេសភាពដ៏អស្ចារ្យ នៃតំបន់មាត់សមុទ្រ ។ តំបន់ទេសចរណ៍នេះត្រូវបានគ្រប់គ្រងផ្ទាល់ដោយសហគមន៍ ដោយមាន ការបង្ហាត់ពីរមន្ទីរទេសចរណ៍ និង មានការឧបត្ថម្ភផ្ទាល់ទាំងបច្ចេកទេសទាំងថវិកាពីអង្គការ សង្គ្រោះសត្វព្រៃ ជ្ថឺ ។
មន្ត្រីអង្គការសង្គ្រោះសត្វព្រៃដែលប្រចាំការរមណីយដ្ឋានបានឱ្យដឹងថា ការបង្កើត រមណីយដ្ឋាននេះឡើងគឺយើងមាន គម្រោងការសំខាន់ពីរ ទីមួយគឺគម្រោងការកាត់បន្ថយភាពក្រីក្រ ជួយប្រជាពលរដ្ឋនៅទីនោះឱ្យមានការងារធ្វើ និង បង្កើតទីផ្សារកសិផលដល់ប្រជាពលរដ្ឋ នៅទីនោះផង និង ចំណុចទីពីរគឺការជួយទៅដល់គម្រោងកម្មវិធីមួយ ដើម្បីអប់រំប្រជាពលរដ្ឋនៅ សហគមន៍បូកគោ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកឱ្យដំណើរការកាន់តែ ប្រសើរ ឡើងថែមទៀត ។ ការអភិវឌ្ឍនៅឃុំព្រែកត្នោតនេះនឹងជួយដល់គម្រោងការគ្រប់គ្រងធនធាន វល្លិផ្តៅដោយនិរន្តភាព ជួយដល់គម្រោងសម្រាប់សហគមទេសចរណ៍ធម្មជាតិអន្លង់ធំឱ្យមាន ជីវភាពកាន់តែប្រសើរឡើង និង ជួយការអប់រំ ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និង ការពារបរិស្ថាន ព្រោះវាជាអាយុជីវិតរបស់ពួកគាត់ បើតាមចុះកំណត់ព្រំប្រទល់តំបន់ អេកូទេសចរណ៍មួយនេះ មានទំហំដីរហូតដល់មួយសែនប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំបួនរយដប់ពីរហិកតា ។
លោក គង់ ប៊ុនរ៉ា មេឃុំព្រែកត្នោត បានឱ្យដឹងថា ការបង្កើតតំបន់ទេសចរណ៍នៅ ទីនេះនឹងជួយដល់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ឱ្យរួមសាមគ្គីគ្នាដើម្បីថែរក្សាព្រៃឈើ និង បរិស្ថានធម្មជាតិនៅគង់វង្ស ដើម្បីឱ្យទីនោះក្លាយទៅជាតំបន់បៃតងជានិច្ច ព្រមទាំងបានដាំ ដើមឈើថ្មីរាប់ពាន់ដើមនៅបរិវេណនោះផង និង ជាពិសេសការទប់ស្កាត់ការកាប់បំផ្លាញព្រៃ ឈើ យកដីជាកម្មសិទ្ធិ ព្រោះធនធានធម្មជាតិនៅទីនេះជាឆ្នាំងបាយរបស់យើង ដូច្នេះយើងត្រូវតែ រួមគ្នាថែរក្សាឱ្យបានល្អ ។
លោក ឆោ ឈុំ តំណាងឱ្យសហគមន៍ទេសចរណ៍អន្លង់ធំ ឃុំព្រែកត្នោតនេះបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុង រមណីយដ្ឋាននេះប្តេជ្ញាធ្វើឱ្យទីនេះក្លាយទៅជាតំបន់អេកូទេសចរណ៍មួយ ដ៏សំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរ ។ កាលពីការចាប់ផ្តើមដំបូងឡើយភ្ញៀវទេសចរជាតិពុំសូវ មានការចាប់អារម្មណ៍នឹងទៅទស្សនាច្រើនប៉ុន្មានឡើយ គឺមានតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ ពិសេសពួកភ្ញៀវដែលនិយមជិះម៉ូតូ និង អ្នកដែលបានទៅកម្សាន្តដោយថ្មើរជើងប៉ុណ្ណោះដែល មកទីនោះ ប៉ុន្តែឥឡូវនេះមិនថាតែភ្ញៀវទេសចរបរទេសដែលមកទស្សនាយ៉ាងច្រើនប៉ុណ្ណោះទេ សូម្បីតែភ្ញៀវទេសចរខ្មែរក៏មកទស្សនា នៅរមណីយដ្ឋានអន្លង់ធំនេះកាន់តែច្រើនឡើងៗដែរ ពិសេសនៅរដូវបុណ្យទានម្តងៗ ។ អ្នកដែលមកទស្សនានៅទីនេះគេចង់ទស្សនានូវព្រៃព្រឹក្សា ទឹកជ្រោះ និង សត្វព្រៃ ដូច្នេះយើងត្រូវតែថែរក្សាវាឱ្យបានល្អទើបភ្ញៀវគេមកម្តងហើយគេនឹងចង់ មកម្តងទៀត ៕
No comments:
Post a Comment