Tuesday, July 26, 2011

ប្រាសាទភ្នំក្រោម

ភ្នំក្រោមជាកូនភ្នំមួយមានកំពស់១៣៧ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទភ្នំក្រោមស្ថិតនៅលើភ្នំនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។

ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូល​នៃ​ប្រាង្គ​ទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអាគារវែងបីទៀតដែលទំនងជាកន្លែងសំរាក គឺពីរនៅខាងត្បូង និង មួយនៅ​ខាងជើង។ អាគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្នោះ។ មានសំនង់រាងការ៉េបួនទៀតនៅពីមុខប្រាង្គកណ្តាលបែរមុខទៅទិសខាងលិច ដែលទំនងជាឈាបនដ្ឋាន។

No comments: