គូរសង្សារមួយគូនេះពេលបើកម៉ូតូឌុបគ្នាត្រឡប់មក ពីដើរលេងវិញត្រូវ រថយន្តម៉ាក LUXUS RX ៣០០ ពណ៌ខ្មៅ បើកបុកពេញទំហឹងប៉ើងទាំងមនុស្សទាំងម៉ូតូទៅបុកដើមឈើបណ្ដាលឲ្យ បាត់បង់ជីវិតទាំងពីរនាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កក្រោយពេលបុករួចក៏ធ្វើការបើកគេចបាត់ទាំងបែក កង់មុខផង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១១នៅចំណុច ផ្លូវលេខ៥១ កែងផ្លូវលេខ ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនរងគ្រោះទាំងពីរនាក់នោះទី១ ឈ្មោះ ជឺពីង ពិសិដ្ឋ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រង VIP Mart ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទី២ ឈ្មោះ នួន សុខ រឿន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះទាំងពីរនាក់សុទ្ធតែបាក់ដៃជើងទាំងអស់គ្នា និង ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K-3969 ម៉ូតូនេះត្រូវខូចខាតទាំងស្រុង។ រថយន្តបង្កត្រូវបានសាក្សីដែលឃើញហេតុការណ៍អះអាងថា ម៉ាក LUXUS RX ៣០០ ពណ៌ខ្មៅមានស្លាកលេខដែរតែមើលមិនឃើញច្បាស់ ហើយបន្ទាប់ពីបើកបុករួចរថយន្តនោះក៏ធ្វើការបើកគេចទាំងបែកកង់ មុខម្ខាង និង កំពិតផ្នែកខាងមុខ ដោយសុវត្ថិភាពតែម្ដង។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញគូសង្សារមួយគូទើបតែត្រឡប់ពីដើរលេងវិញដោយធ្វើដំណើរទៅ ផ្ទះតាមផ្លូវលេខ៥១ ពីជើងទៅត្បូងលុះដល់ចំណុចកែង ២២២ ស្រាប់តែមានរថយន្តម៉ាកLUXUS Rx ៣០០ពណ៌ខ្មៅ ដែលបើកបោះពួយយ៉ាងលឿនដែលទំនងជាទើបនឹងចេញពីក្លឹបដោយស្ថានភាព ស្រវឹងហើយក៏បុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងធ្វើឲ្យជនរងគ្រោះ ទាំងពីរនាក់នោះប៉ើងខ្ទាតបោកនឹងដើមឈើបណ្ដាលឲ្យបាក់ដៃបាក់ ជើង និង បែកក្បាលស្លាប់ភ្លាមៗ តែម្ដង។
សពជនរងគ្រោះទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលធ្វើបុណ្យទៅតាមប្រពៃណីផង ដែរ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប៉ូលិសខណ្ឌដូនពេញយកទៅ រក្សាទុកដើម្បីស្រាវជ្រាវរករថយន្តបង្កហេតុបន្តទៀត៕
No comments:
Post a Comment