Tuesday, July 26, 2011

ខឹងសុំជួបជុំគ្នាវិញ មិនបាន វ៉ៃប្រពន្ធ ដុតផ្ទះ ផឹកថ្នាំពុល ហើយលោតចូល ភ្លើងស្លាប់

 
កំពង់ចាម ៖ បុរសម្នាក់បានគិតខ្លី ផឹកថ្នាំពុល រួចដុតផ្ទះ ហើយលោតចូលក្នុងអណ្ដាតភ្លើង បណ្ដាលឱ្យឆេះស្លាប់បាត់បង់ជីវិត ក្រោយ ពីបងប្អូនបាន ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យនៅភ្នំពេញ ហើយករណីនេះ គឺបណ្ដាលមកពីបុរសនោះ ខឹងមកសុំជុំគ្នាជាមួយប្រពន្ធវិញ បន្ទាប់ពីបានឯកភាព លែងលះគ្នាអស់ រយៈពេល៣ខែមកហើយ ប៉ុន្ដែប្រពន្ធមិនព្រម ទទួលបុរសនោះក៏ប្រើអំពើហិង្សាដាក់ប្រពន្ធ បន្ទាប់មកក៏ដុតផ្ទះ ហើយលោត ចូលភ្លើង ធ្វើអត្ដឃាតតែម្ដងទៅ។
ហេតុការណ៍ប្ដីគំនិតខ្លី ដុតផ្ទះរួចផឹកថ្នាំ ពុលលោតចូលភ្លើងនេះ បានកើតឡើងកាល ពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១១ នៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
តាមលោកដែន ឃីម មេប៉ុស្ដិ៍ឃុំសូភាស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា បុរសរងគ្រោះស្លាប់ក្នុងករណីខាង លើមានឈ្មោះ ឈុំ ពៅ មានអាយុ៤៣ឆ្នាំ។ រីឯអតីតប្រពន្ធបុរសរងគ្រោះ មានឈ្មោះ អូន ស្រីនាង អាយុ៤០ឆ្នាំ អ្នកទាំងពីរ មាន ទីលំនៅក្នុងភូមិឃុំកើតហេតុ ។ លោកនាយ ប៉ុស្ដិ៍បានឱ្យដឹងទៀតថា ប្ដី-ប្រពន្ធនោះបាន រៀបការជាមួយគ្នា អស់រយៈពេល ប្រហែល ២០ឆ្នាំមកហើយ។ ហើយការរួមរស់ជា មួយគ្នាក្នុងរយៈពេលនោះ អ្នកទាំងពីរមាន កូន៥នាក់នៅក្នុងបន្ទុក ។ ហើយរហូតដល់ខែ ឧសភាឆ្នាំ២០១១កន្លងទៅនេះ ប្ដី-ប្រពន្ធ ខាងលើ បានឈ្លោះប្រកែកខ្វែងគំនិតគ្នា រហូតដល់មានការឯកភាពលែងលះគ្នា ព្រម ទាំងបានចែកទ្រព្យសម្បត្ដិគ្នា រួចរាល់អស់ ហើយដោយបុរស ជាប្ដីចុះចេញពីផ្ទះ ចំណែក ប្រពន្ធទទួលបន្ទុកចិញ្ចឹមកូននៅផ្ទះ ដែល មាននោះ ។ លោកនាយប៉ុស្ដិ៍បានបន្ដថា លុះ នៅថ្ងៃកើតហេតុ បុរសជាប្ដីបានសម្រេចចិត្ដ មកផ្ទះ និងបានសុំប្រពន្ធជួបជុំរួមរស់ជាមួយ គ្នាវិញ ប៉ុន្ដែពេលនោះ ស្ដ្រីជាប្រពន្ធដាច់ ខាតមិនព្រមទទួល យកបុរសជាប្ដីនោះវិញទេ។ ដោយការបដិសេដដាច់ខាតរបស់ ប្រពន្ធ បុរសជាប្ដីមានការខឹងសម្បារយ៉ាង ខ្លាំង រួចក៏ប្រើអំពើហិង្សាវាយ ប្រពន្ធបណ្ដាល ឱ្យរបួសក្បាល ហើយការប្រើហិង្សាបានធ្វើ ឱ្យស្ដ្រីជាប្រពន្ធមានការភ័យខ្លាច ក៏បានរត់ ចេញពីផ្ទះទៅរកបងប្អូនជួយ ។
លោកមេប៉ុស្ដិ៍ បានបន្ដទៀតថា ក្រោយពីស្ដ្រីនោះចេញផុត បុរសជាប្ដីបានទៅទិញថ្នាំបំពុលសត្វ១កូន ដប បន្ទាប់មកធ្វើសកម្មភាពលោតចូល អណ្ដូងក្បែរផ្ទះ ហើយមិនអស់ចិត្ដក៏ឡើងពី អណ្ដូងវិញ ទៅផឹកថ្នាំពុលដែលបានទិញរួច ហើយទើបដុតផ្ទះ ពេលផ្ទះកំពុងឆេះបុរស នោះ បានលោតចូលក្នុងអណ្ដាតភ្លើង ហើយ ក្នុងខណៈនោះ មានបងប្អូន និងអ្នកជិតខាង បានខំប្រឹងចូលជួយដែរ ប៉ុន្ដែបុរសខាងលើ បានយកកាំបិតដេញកាប់គេឯងមិនឱ្យចូល ជិតឡើយ លុះដល់ភ្លើងឆេះរួញខ្លួនហើយនោះ ទើបបងប្អូនចូលជួយ និងដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញតែដោយសារអាការៈ មានសភាពធ្ងន់ធ្ងរ បុរសនោះបានស្លាប់បាត់ បង់ជីវិតទៅ។
លោកនាយប៉ុស្ដិ៍បានបន្ថែមឱ្យដឹងទៀត ថា ក្នុងករណីខាងលើនេះ ធ្វើឱ្យខូចខាតផ្ទះ មួយខ្នងប្រវែង៦ម៉ែត្រគុណនឹង៨ម៉ែត្រធ្វើ ពីឈើ ប្រក់ដែក ឆេះអស់ទាំងស្រុង អង្ករ ១៥០ គីឡូក្រាម ស្រូវ៣បាវ ប្រាក់៥០ម៉ឺន រៀល ទូរទស្សន៍មួយគ្រឿង,កង់២គ្រឿង និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត។ លោក នាយប៉ុស្ដិ៍បានបន្ដថា ការឆេះផ្ទះនេះមិនរាល ដាលដល់ផ្ទះអ្នកដ៏ទៃនោះទេ ព្រោះផ្ទះជន រងគ្រោះនៅដាច់ឆ្ងាយពីគេ។
រីឯសពបុរសរងគ្រោះ ត្រូវបានក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

No comments: