ខេត្តព្រះវិហារឋិតនៅភាគឧត្ដរនៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ ២៩៤គីឡូម៉ែត្រពីទីក្រុងភ្នំពេញត្រូវ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ដោយកាត់យកដីភាគខ្លះពីខេត្ត កំពង់ធំ សៀមរាប និងខេត្តស្ទឹងត្រែង។
លាតសន្ធឹងនៅចំពីលើកំពូលភ្នំដងរែក ដែលជាខណ្ឌសីមាកំណត់ព្រំដែនកម្ពុជាថៃ ប្រាសាទព្រះវិហារកំពុងត្រូវ បានទទួលការយកចិត្តទុកដាក់ជាខ្លាំងពីអជ្ញាធរខេត្តព្រះវិហារ ក្នុងការការពារថែរក្សាសម្បត្តិបុរាណបេតិកភ័ណ្ឌអន្តរជាតិមួយនេះ។ លើសពីនេះទៅទៀតភាពអស្ចារ្យ និងភាពល្បីល្បាញនៃប្រាសាទហិណ្ឌូនេះបានកំពុងទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិរាប់ពាន់ រាប់ម៉ឺននាក់ ឱ្យមកទស្សនាកំសាន្ត និងធ្វើការស្វែងយល់។ គេតែងឮពាក្យសរសើរឥតដាច់ មាត់ពីបណ្ដាភ្ញៀវ ដែលបានមកឃើញជាក់ច្បាស់នូវទីបុរាណដ៏អស្ចារ្យនេះ។
មានចម្ងាយ១០៨គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត តាមផ្លូវជាតិ លេខ២១១ឆ្ពោះទៅទិសខាងជើងដែលអមដោយរុក្ខជាតិតូចធំដុះតាមសងខាងផ្លូវ ភ្នំព្រះវិហារមានកម្ពស់៦២៥ម៉ែត្រ ដែលជាទីតាំងដែលព្រះរាជាខ្មែរយើងសម័យបុរាណបានកសាង នូវប្រាសាទដែលមានទំហំ៨០០ម៉ែត្រx៤០០ម៉ែត្រ។ គឺជាប្រាសាទព្រះវិហារនេះឯង ដែលព្រះមហាក្សត្រខែ្មរបុរាណចំនួនបួនព្រះអង្គបានកសាងឡើង ចាប់តាំងពីចុង សតវត្សទី៩ រហូតដល់ដើមសតវត្សទី១២ ដោយមានឈ្មោះហៅថា ស្រីសិខរីស្វរៈ មានន័យថាបារមីភ្នំ ហើយត្រូវបាន បារាំងប្រគល់ទៅឱ្យថៃកាន់កាប់នៅកំឡុងឆ្នាំ១៩៥៤ ប៉ុន្តែត្រូវបានព្រះមហាក្សត្រខ្មែរនរោត្តមសីហនុធ្វើការទាមទារ យកមកវិញ ដោយមានការសម្រេច និងចេញសាលក្រម ទទួលស្គាល់ ដោយតុលាការអន្តរជាតិក្រុងឡាអេ ថ្ងៃទី១៥ មិថុនា ឆ្នាំ។
ព្រះរាជាខ្មែរ ដែលបានកសាងប្រាសាទបុរាណនេះមានដូចជា៖
- ព្រះបាទ យសោវរ្ម័នទី១ (សាងសង់ក្នុង គ.ស ៨៨៩-៩១០)
- ព្រះបាទ សូរ្យវរ្ម័នទី១ (សាងសង់ក្នុង គ.ស ១០០២-១០៥០)
- ព្រះបាទ ជ័យវរ្ម័នទី៦ (សាងសង់ក្នុង គ.ស ១០៨០-១១០៩)
- ព្រះបាទ សូរ្យវរ្ម័នទី២ (សាងសង់ក្នុង គ.ស ១១១៣-១១៥០)
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌរបស់ ពិភពលោកចាប់តាំងពីថ្ងៃទី០៧ កក្កដា ឆ្នាំ ២០០៨ ដោយសេចក្ដីសម្រេចរបស់អង្គការយូណេស្កូ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
ក្រៅអំពីប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅខេត្តព្រះវិហារក៏មាននូវប្រាសាទ បុរាណជាច្រើនផ្សេងទៀតដែរ ដូចជា៖
-តំបន់ប្រាសាទកោះកេរ្តិ៍ ឋិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្ត សៀមរាប និង៤៩គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារតាមផ្លូវជាតិលេខ២១១ សាងសង់ដោយព្រះបាទជ័យវរ្ម័នទី។ ប្រាសាទនានាដែលនៅតំបន់ប្រសាទកោះកេរ្តិ៍មានដូចជា ប្រាសាទកោះកេរ្តិ៍ ប្រាសាទចិន ប្រាសាទនាងខ្មៅ ប្រាសាទប្រាំ ប្រាសាទគុក ប្រាសាទប្រាង្គ ប្រាសាទក្រហម ប្រាសាទខ្មៅជាដើម។
-ប្រាសាទបាកាន ឋិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ចម្ងាយ១០៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី។
-ប្រាសាទនរាយណ៍ សាងសង់ឡើងពីថ្មភក់ ព័ទ្ធដោយកំពែងថ្មបាយក្រៀម២ជាន់ ឋិតក្នុងភូមិក្រឡាពាល ឃុំព្រីងធំ ស្រុកជាំក្សាន្ត ដែលមានចម្ងាយប្រមាណ៣២គីឡូម៉ែត្រពីទីរួមខេត្ត។
-ប្រាសាទនាគបួស មានទំហំ៥០ម៉ែត្រx៥០ម៉ែត្រឋិតក្នុងស្រុកជាំក្សាន្ត ចម្ងាយ៧៥គីឡូម៉ែត្រពីទីរួមខេត្ត។
-ប្រាសាទក្រពុំឈូក កសាងឡើងនៅសតវត្សទី១០ ចម្ងាយ៤៥គីឡូម៉ែត្រពីទីរួមខេត្ត ក្នុងឃុំរំដោះ ស្រុករវាង។
-ប្រាសាទគោកបេង ឋិតក្នុងភូមិគោកបេង ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ នៅក្នុងបរិវេណវត្តប្រាសាទ ជ័យព្រឹក្ស ដែលជាស្នាដៃរបស់លោកមេទ័ព តាមការបញ្ជារបស់ព្រះបាទជ័យវរ្ម័ន។
No comments:
Post a Comment