តាកែវ គឺជាខេត្តមួយឋិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ជាជង្រុកនៃអារ្យធម៌ខ្មែរព្រោះថាខេត្តនេះជាខេត្ត មួយមានវ័យចំណាស់ជាងគេបំផុត និងជាទីតាំងដើមនៃវប្បធម៌ខ្មែរផងដែរ។ ជាក់ស្ដែងខេត្តនេះមានបន្សល់ទុកនូវកេរ្តិ៍ ដំណែលប្រាសាទបុរាណសំខាន់ៗមួយចំនួន ដែលមានអាយុកាលរាប់សតវត្សមកហើយ សម្រាប់ជាភស្ដុតាងបង្ហាញពី ភាពរុងរឿងរីកចម្រើននៃខេត្តនេះក្នុងអតីតកាល។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរសំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើ ឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។
+ភ្នំជីសូ
ភ្នំ ជីសូឋិតនៅក្នុងទីតាំងភូមិស្លា ឃុំរវៀង ស្រុកសំរោង ចម្ងាយ៦២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ កាត់តាមស្រុក បាទី និងវត្តប្រាសាទនាងខ្មៅក្នុងស្រុកសំរោង តាមផ្លូវជាតិលេខ២ រួចបត់ចូលតាមផ្លូវលំតូចមួយប្រមាណ៥គីឡូម៉ែត្រទៀត។ ប៉ុន្តែប្រសិនជាធ្វើដំណើរពីទីរួមខេត្តតាកែវវិញ គេត្រូវចំណាយពេលប្រមាណ៣០នាទីលើកំណាត់ផ្លូវ២៧គីឡូម៉ែត្រ។ នៅលើខ្នងភ្នំជីសូមានប្រាសាទបូរាណមួយដែលសាងសង់ឡើងនៅកំឡុង ឆ្នាំ១០០២-១០៥០នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី១ជាការឧទ្ទិសបូជាថ្វាយចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់ពីថ្មភក់ មានទំហំ៦០×៥០ម៉ែត្រ មានថែវពីរជាន់ប្រកបដោយក្បូរក្បាច់រចនារស់រវើកនៅតាមផ្ដែ និងសសរពេជ្រ។ ភ្ញៀវទេសចរអាចធ្វើ ដំណើរទៅកាន់ទីប្រាសាទតាមជណ្តើរថ្មខាងលិចដែលមាន៣៩០កាំ ឬជណ្ដើរខាងត្បូងដែលមាន៤០៨កាំ។ ថ្វីត្បិតតែ មួយភាគធំនៃប្រាសាទនេះត្រូវបានខូចខាតអស់ក៏ដោយ ក៏អ្នកទេសចរ និងអ្នកសិក្សាចូលចិត្តធ្វើដំណើរទៅកាន់ទីនោះ។ ក្រៅពីការទស្សនាប្រាសាទ គេក៏អាចគយគន់ទេសភាពវាលស្រែស្រស់ត្រកាលពីលើកំពូលភ្នំជីសូរផងដែរ។ ទស្សនីយភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាទីនេះ កាន់តែច្រើនឡើងៗ ជាពិសេសថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក។ តាមឯកសារបានបង្ហាញថានៅពីខាងត្បូងភ្នំជីសូរនេះមានរូងធម្មជាតិ មួយឈ្មោះ រូងវិមានច័ន្ទ ជាទីស្ងាត់ជ្រងំសម្រាប់ពួកតាបសឥសីធ្វើចង្ក្រមភាវនា ប៉ុន្តែកំឡុងពេលដែលប្រទេសយើងជួបប្រទះសង្គ្រាមរ៉ាំរ៉ៃ មានការទម្លាក់គ្រាប់ផ្ទុះផ្សេងៗធ្វើឱ្យរូងនេះត្រូវបិទជិតដោយ ថ្មធំៗ មិនអាចចូលរួច។
+ទន្លេបាទី
ទន្លេបាទី ឋិតនៅចម្ងាយ៣៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ២ ក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទីនេះជាកន្លែងទេសចរមួយយ៉ាងសំខាន់ក្នុងខេត្តតាកែវ ហើយក៏ជាកន្លែងសក្ការបូជាមួយ ផងដែរ ដែលមានប្រាសាទបុរាណ២គឺប្រាសាទតាព្រហ្ម ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បី ឧទ្ទិសថ្វាយ ដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផង និងមួយទៀតគឺប្រាសាទយាយពៅ ដែលមានចម្ងាយ ១០០ម៉ែត្រពី ប្រាសាទតាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ។
+ភ្នំតាម៉ៅ
ភ្នំ តាម៉ៅមានចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ២ ឋិតក្នុងភូមិត្រពាំងសាប ស្រុកបាទីខេត្ត តាកែវ។ តំបន់នេះជាតំបន់ព្រៃការពារចំនួន២៥០០ហិចតា ដែលមាន៧០ហិចតាត្រូវបានរៀបចំជាសួនសត្វដ៏ធំនៅ កម្ពុជា។ ក្នុងចំនួនផ្ទៃដី៧០ហិចតាមានកូនភ្នំចំនួន៥គឺ ភ្នំតាម៉ៅ ភ្នំឆយ ភ្នំបាំង ភ្នំផ្ដៅពន្ធ និងភ្នំថ្មដុះ ប៉ុន្តែក្នុងចំណោមភ្នំ ទាំង៥នេះមានតែភ្នំពីរប៉ុណ្ណោះដែលជាទីទួលមានប្រាសាទបុរាណ គឺភ្នំតាម៉ៅ និងភ្នំថ្មដុះ។
ប្រាសាទភ្នំតាម៉ៅ កសាងឡើងអំពីឥដ្ឋនៅសតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និងឧទយាទិត្យាវរ្ម័នទី២ ឋិតលើកំពូលភ្នំកំពស់៣០ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅ។ បច្ចុប្បន្នប្រាសាទនេះបាក់បែកអស់នៅសល់តែស្នាមខឿន បន្តិចបន្តួចប៉ុណ្ណោះ។
រីឯ ប្រាសាទមួយទៀតឋិតនៅទិសពាយព្យ គឺប្រាសាទថ្មដុះមានទីតាំងនៅលើកំពូលភ្នំថ្មដុះដែលមានកម្ពស់៣៥ ម៉ែត្រ។ ប្រាសាទនេះកសាងអំពីឥដ្ឋនៅសតវត្សទី១១ មានរាង៤ជ្រុងគឺ ៧ម៉ែត្រ×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅមានលក្ខណៈល្អប្រសើរជាងប្រាសាទភ្នំតាម៉ៅ ដែលទេសចរចូលចិត្តទៅទស្សនា និងធ្វើការបន់ ស្រន់នៅទីនោះ។
ក្រៅពី ប្រាសាទទាំងពីរនេះ ភ្នំតាម៉ៅក៏ជាសួនសត្វមួយដ៏ធំ និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានសត្វ គ្រប់ប្រភេទ ទាំងប្រភេទល្មូន សត្វជើង៤ សត្វស្លាប សត្វក្នុងទឹកជាដើម។ ក្នុងចំណោមប្រភេទសត្វទាំងអស់មានសត្វ ខ្លះនាំចូលពីបរទេស និងមួយចំនួនធំគឺជាប្រភេទសត្វក្នុងស្រុកខ្មែរ ដែលបានមកពីការទិញ និងរឹបអូសពីឈ្មួញ។
ក្រៅពី តំបន់សំខាន់ៗទាំងនេះខេត្តតាកែវនៅមានតំបន់កំសាន្តជាច្រើនទៀត ដូចជារមណីយដ្ឋានប្រាសាទភ្នំដា ដែលឋិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរីចម្ងាយ១០២គីឡូម៉ែត្រពីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្ត តាកែវ។ ប្រាសាទនេះមានទំហំ១២×១២ម៉ែត្រ កំពស់១៨ម៉ែត្រមានរចនាបថភ្នំដាក្នុងសតវត្សទី៦ ឋិតលើកំពូលភ្នំដា ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែនៅជុំវិញភ្នំ។ រមណីយដ្ឋានភ្នំបាយ៉ង់ឋិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ចម្ងាយ១២១គីឡូម៉ែត្រពីភ្នំពេញ និង៤៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ភាគខាងត្បូង។ ប្រាសាទនេះសង់ឡើងនៅសតវត្សទី៧ដោយព្រះបាទភវរ្ម័នទី២ មានកំពស់៣១៣ម៉ែត្រពីជើងភ្នំបាយ៉ង់ សង់ឡើងពីថ្មបាយ ក្រៀម និងឥដ្ឋរាងចតុកោណកែង១៣ម៉ែត្រ×៩ម៉ែត្រ កំពស់ប្រាសាទ១២ម៉ែត្រ។ រម្យនីយដ្ឋានប្រាសាទនាងខ្មៅឋិតក្នុង ទឹកដីស្រុកសំរោង ខេត្តតាកែវ ចម្ងាយ៥២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង២៧គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ សង់ឡើងពីថ្មភក់ និងឥដ្ឋតាមរចនាបថកោះកែ ក្នុងសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៤ មានតួប្រាសាទ៣ទន្ទឹមគ្នាក្នុងបរិវេណ វត្តប្រាសាទនាងខ្មៅ។ រម្យនីយដ្ឋានប្រាសាទជប់ពល ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ចម្ងាយ ៣,៥គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ប្រវែង៧ម៉ែត្រ×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ អំពីឥដ្ឋ មានគូទឹកព័ទ្ធជុំវិញ និងមានស្រះ មួយ ទំហំ៧ម៉ែត្រ×១០០ម៉ែត្រ ដែលអ្នកស្រុកហៅថាទន្លេអុំ។ រម្យនីយដ្ឋានវត្តភ្នំខ្លែងឋិតនៅ ឃុំព្រៃស្លឹក ស្រុកត្រាំង ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ជាទីអារាមព្រះពុទ្ធសាសនាកសាងឡើងក្នុងឆ្នាំ១៧៥៣ ដែលប្រជាជនខ្មែរជឿ ថាជាកន្លែងសក្តិសិទ្ធក្នុងការបួងសួងបន់ស្រន់ សច្ចាស្បថស្បែជាដើម។ មិនទេប៉ុណ្ណោះសារមន្ទីរខេត្តតាកែវក៏ជាទី ប្រមូលផ្ដុំដោយវត្ថុបុរាណ ដែលប្រមូលបានមកពីទីកន្លែងនានាក្នុងខេត្តតាកែវ សម្រាប់អ្នកមកទស្សនា និងអ្នកសិក្សា ស្រាវជ្រាវជាតិ អន្តរជាតិ។
No comments:
Post a Comment