អាងកំពីងពួយបានកសាងឡើង ក្នុងសម័យ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩) ដោយប្រជាពលរដ្នជាច្រើនរយពាន់នាក់ ខ្លះបានបានពលីជីវិតរបស់ខ្លួន នៅពេលបំពេញកិច្ចការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព វិស័យកសិកម្ម យា៉ងមហិមា។ លើសពីនេះទៅទៀត អាងកំពីងពួយ បានផ្តល់ប្រយោជន៍ យ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ពោលគឺ បច្ចុប្បន្ននេះ អាងកំពីងពួយ បានក្លាយជារមណីយដ្ឋាន ដែលទាក់ទាញ ទេសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីមកលំហែកាយ យកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជនដែររស់នៅ ក្បែរអាងកំពីងពួយ មានអាជីវកម្មជាអ្នកស្រែចំការ និងនេសាទត្រី។
No comments:
Post a Comment